
ក្រសួងបរិស្ថានផ្ដល់គ្រឿងឥស្សរិយយសចំនួន ៥៩៦ និងប័ណ្ណសរសើរចំនួន ១០១៨ ចំពោះមន្ត្រីដែលមានស្នាដៃក្នុងការបំពេញការងារ
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានបំពាក់គ្រឿងឥស្សរិយយសឆ្នាំ២០២១ និងឆ្នាំ២០២២ សរុបចំនួន ៥៩៦រូប និងប័ណ្ណសរសើរសរុប ១០១៨រូប ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីឧទ្យានុរក្ស មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីស្ម័គ្រចិត្ត រួមបញ្ចូលបុគ្គលិកផ្នែកសន្តិសុខ អនាម័យ អគ្គិសនី និងថែសួន ដែលបានខិតខំបំពេញការងារ និងមានស្នាដៃល្អប្រសើរ។
ក្រសួងបរិស្ថាន កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ នៅទីស្ដីការក្រសួង ឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានអញ្ជើញបំពាក់និងប្រគល់ជូនគ្រឿងឥស្សរិយយស និងប័ណ្ណសរសើរ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃក្រសួងបរិស្ថាន ដែលមានស្នាដៃក្នុងការបំពេញការងារសម្រាប់ឆ្នាំ២០២១ និង២០២២។
ជាមួយគ្នានោះ លោក សាយ សំអាល់ បានសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្ត្រីរាជការទាំងអស់ ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី ដើម្បីបុព្វហេតុបរិស្ថាន ក៏ដូចជាជាតិមាតុភូមិ និងប្រជាជនកម្ពុជា។
លោកមានប្រសាសន៍ថា៖ «ក្នុងនាមរាជរដ្ឋាភិបាល និងលោកផ្ទាល់ បានទទួលស្គាល់នូវការលះបង់របស់បងប្អូនទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងដំណើររបស់កម្ពុជា ក្នុងការកសាង អភិវឌ្ឍន៍ និងស្តារឡើងវិញនូវសង្គមជាតិថ្មី បន្ទាប់ពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម»។
លោកបានបន្ថែមថា៖ «កិច្ចការងាររបស់មន្ត្រីរាជការក្រសួងបរិស្ថាន មិនត្រឹមតែការការពារ អភិរក្សធនធានធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែបានចូលរួមកសាងនូវសង្គមជាតិថ្មី ហើយកម្ពុជាត្រូវតែមានឯកភាពជាតិមួយ បើទោះបីជាបុគ្គលម្នាក់ៗមានគំនិតខុសគ្នាក៏ដោយ ប៉ុន្តែសម្រាប់ឧត្តមប្រយោជន៍ជាតិ និងប្រជាជន គឺយើងត្រូវតាំងចិត្តខ្ពស់»។
គួរបញ្ជាក់ថា គ្រឿងឥស្សរិយយស ឆ្នាំ២០២១ និងឆ្នាំ២០២២ មានចំនួនសរុប ៥៩៦រូប និងប័ណ្ណសរសើរ សរុប ១០១៨រូប ត្រូវបានបំពាក់ និងផ្តល់ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីឧទ្យានុរក្ស មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីស្ម័គ្រចិត្ត រួមបញ្ចូលបុគ្គលិកផ្នែកសន្តិសុខ អនាម័យ អគ្គិសនី និងថែរសួន។
ក្នុងនោះ រួមមាន មេដាយថ្នាក់មហាសេរីវឌ្ឍន៍ ចំនួន ២០រូប មេដាយសុវត្ថារា ថ្នាក់មហាសេរីវឌ្ឍន៍ ចំនួន ១១រូប មេដាយថ្នាក់មហាសេនា ចំនួន ១៥រូប មេដាយសុវត្ថារាថ្នាក់មហាសេនា ចំនួន ៥រូប មេដាយថ្នាក់ធិបឌិន្ទ ចំនួន ៦រូប មេដាយសុវត្ថារាថ្នាក់ធិបឌិន្ទ ចំនួន ១៤រូប មេដាយថ្នាក់សេនា ចំនួន ១៥រូប មេដាយសុវត្ថារាថ្នាក់សេនា ចំនួន ២៦រូប មេដាយថ្នាក់អស្សឬទិ្ធ ចំនួន ៤រូប មេដាយសុវត្ថារាថ្នាក់អស្សឬទ្ធិ ចំនួន ៦៧រូប មេដាយមាសការងារ ចំនួន ៦២រូប មេដាយប្រាក់ការងារ ចំនួន ៨៨រូប និងមេដាយសំរឹទ្ធិ ចំនួន ២៦២រូប។
យ៉ាងណាមិញ ក៏មានកម្មវិធីប្រគល់រង្វាន់ ប័ណ្ណសរសើរ និងលិខិតសរសើរ ដល់អង្គភាពជ័យលាភីក្នុងការប្រឡងប្រណាំងអង្គភាពគំរូ ក៏ដូចជាជូនដល់បេក្ខជនជ័យលាភីក្នុងកម្មវិធីប្រកួតប្រជែងសិល្បៈថ្នាក់ជាតិ ថ្នាក់តំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្តីពីអូហ្សូនចំពោះបរិយាកាស ឆ្នាំ២០២២ ផងដែរ៕