រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំព្រះរាជពិធីបុណ្យខួបលើកទី១៨ នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះមហាក្សត្រ និងថ្កោលទោសចំពោះជនក្បត់ជាតិ សម រង្ស៊ី
បន្ទាយមានជ័យ ៖ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុ រាត្រី បានប្រកាសថ្កោលទោសចំពោះជនក្បត់ជាតិ សម រង្ស៊ី និងបក្ខពួកដែលបានបន្តប្រមាថអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រខ្មែរ។
លោក ប្រកាសបែបនេះនៅក្នុងឱកាសដែលរដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំព្រះរាជពិធីបុណ្យខួបលើកទី១៨ នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២២ ននៅសាលប្រជុំធំ សាលាខេត្ត បន្ទាយមានជ័យ ដោយមានការចូលរួមពីបណ្តាមន្ទីរ អង្គភាព ជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ សិស្ស និស្សិត តាជីយាយជី បានចូលរួមផងដែរ។
បន្ទាប់ពីបានថ្លែងសារលិខិតអបអរសាទរខួបលើកទី១៨ នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី លោក អ៊ុ រាត្រី បានប្រកាសប្ដេជ្ញាបន្តដង្ហែព្រះមហាក្សត្រដោយឥតងាករេ និងប្តេជ្ញាបន្តការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពាររាជបល្ល័ង្ក ពិសេសការពារអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់របស់ប្រជានរាស្រ្តខ្មែរ។ ដោយបានចាត់ទុកប្រមាថដល់អង្គព្រះមហាក្សត្រនេះ គឺជាទង្វេីរដែលមិនអាចទទួលយកបាន ចាត់វិធានការ ឱ្យម៉ឺងម៉ាត់បំផុតចំពោះឧក្រិដ្ឋជន សម រង្ស៊ី និងបក្ខពួក ទៅតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ដោយគ្មានការលេីកលែងជាដាច់ខាត់៕