ភ្នំពេញ៖ ប្រធានរដ្ឋសភាកម្ពុជា សម្ដេចពញាចក្រី ហេង សំរិន បង្គំទូលថ្វាយនូវអំណរសាទរថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នងខួប ១៨ព្រះវស្សានៃការគ្រងរាជសម្បត្តិរបស់ព្រះអង្គ សូមទ្រង់ប្រកបដោយជ័យមង្គល សិរីសួស្តី ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្ត្រ។
ក្នុងសារបង្គំទូលថ្វាយព្រះមហាក្សត្រ សម្ដេចពញាចក្រី ហេង សំរិន សូមព្រះបរមរាជានុញ្ញាតពីព្រះមហាក្សត្រ សម្តែងនូវកតញ្ញុតាធម៌ យ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះរាជគុណូបការៈដ៏ឧត្ដុង្គឧត្តមរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ប្រកបដោយទសពិធរាជធម៌ ក្នុងការបំពេញព្រះរាជកិច្ចដឹកនាំ ព្រះរាជាណាចក្រកម្ពុជា ឲ្យមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដើម្បីបុព្វហេតុជាតិ និងប្រជារាស្ត្រជាទីស្រឡាញ់របស់ព្រះអង្គ ហើយកិត្យានុភាពជាតិ ត្រូវបានលើកកម្ពស់ជា បន្តបន្ទាប់ ទាំងនៅក្នុងតំបន់ និងលើសកលលោក ។
សម្ដេចបានសូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃ ព្រះបារមីទេវតារក្សា ព្រះមហាស្វេតច្ឆ័ត្រ ព្រះបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីត ព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ ព្រះអង្គ ព្រមទាំងវត្ថុស័ក្តិសិទ្ធិទាំងឡាយ សូមតាមជួយប្រោះព្រំសព្ទសាធុការពរ បវរសួស្ដី វិបុលសុខ បវរមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រមទាំងព្រះញាតិវង្សានុវង្ស សូមប្រកបដោយ ព្រះ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម-សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាព្រះរាជបុត្រ របស់ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ និងសម្ដេចព្រះរាជអគ្គមហេសី នរោត្តម មុនីនាថ សីហនុ។ ព្រះអង្គត្រូវបានក្រុមប្រឹក្សារាជសម្បត្តិជ្រើសតាំងជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បន្តពីព្រះបិតា ក្រោយពេលដែលព្រះអង្គបានដាក់រាជ្យ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០០៤ និងបានឡើងគ្រងរាជ្យនាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤៕