កំពង់ធំ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវទៅដល់ពលរដ្ឋឲ្យចេញទៅចាក់វ៉ាក់សាំងកូវីដ-១៩ ឲ្យបានគ្រប់គ្នាខណៈអ្នកដែលមិនទាន់ចាក់វ៉ាក់សាំងដូសទី៣ មានចំនួនច្រើន។
ថ្លែងក្នុងជំនួបសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅក្នុងខេត្តកំពង់ធំ ព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោបានលើកឡើងថា មាននៅសល់ពលរដ្ឋជិត ៥លាននាក់ទៀតដែលមិនទាន់ទៅទទួលវ៉ាក់សាំងដូសជំរុញទី៣។
សម្ដេចបានជំរុញឲ្យពលរដ្ឋទៅចាក់វ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់គ្នា ខណៈកម្ពុជាចាប់ផ្ថើមរកឃើញជំងឺកូវីដ-១៩ ឡើងវិញក្រោយរកមិនឃើញរយៈពេល ៦ថ្ងៃជាប់ៗគ្នា។
បើតាមសម្ដេចតេជោ បច្ចុប្បន្នកម្ពុជានៅសល់វ៉ាក់សាំងក្នុងឃ្លាំងជាង ៨លានដូសទៀត៕