ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោ ថ្វាយសារលិខិតថ្វាយព្រះពរខួបលើកទី១៨ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះមហាក្សត្រ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្វាយលិខិតជូនព្រះពរ និងសេចក្ដីអំណរសាទរចំពោះព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ក្នុងឱកាសនៃព្រះរាជពិធីបុណ្យខួបលើកទី១៨ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី២៩ ខែតុលា ឆ្នាំ២០២២។ 

សារលិខិតចុះនៅថ្ងៃទី២១ ខែតុលា សម្តេចតេជោបានថ្លែងថា ទូលព្រះបង្គំជាខ្ញុំ និងភរិយា តាងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទូទាំងប្រទេស សូមព្រះបរមរាជានុញ្ញាតអភិវន្ទលំឱនកាយវាចាចិត្ត ក្រាបបង្គំសម្តែងថ្វាយនូវមនោសញ្ចេតនាដ៏រំភើបរីករាយឥតឧបមា និងសូមចូលរួមថ្វាយនូវព្រះសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខបវរ មហាប្រសើរគ្រប់ប្រការចំពោះ ព្រះករុណាថ្លៃវិសេសជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមព្រះអង្គទ្រង់សមប្រកបដោយព្រះរាជបញ្ញាញាណភ្លឺថ្លា ត្រចះត្រចង់ ព្រះកាយពលរឹងមាំ ខ្លាំងក្លា ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរ ជាងរយព្រះវស្សា ចាកផុតពីព្រះរោគាព្យាធិនានា ដើម្បីព្រះអង្គទ្រង់គង់ប្រថាប់នៅក្នុងព្រះបរមសិរីរាជសម្បត្តិ បំពេញព្រះរាជតួនាទីដ៏ឧត្ដុង្គឧត្តមថ្លៃថ្លាជានិមិត្តរូបនៃឯកភាពជាតិ និរន្តរភាពជាតិ និងជាព្រះម្លប់ដ៏ត្រជាក់ត្រជំនិងសេចក្ដី សុខក្សេមក្សាន្ត ចម្រុងចម្រើនរុងរឿងដល់ប្រជានុរាស្ត្ររបស់ព្រះអង្គជាអង្វែងតរៀងទៅ។ 

សម្តេចបានថ្វាយនូវកតញ្ញុតាធម៌និងកតវេទិតាធម៌យ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះរាជហឫទ័យឈ្វេងយល់ ដ៏ឈ្លាសវៃ និងព្រះរាជសកម្មភាពដ៏ឧត្ដុង្គឧត្តមថ្លៃថ្លាប្រកបដោយទសពិធរាជធម៌ចំពោះជាតិមាតុភូមិ និងប្រជានុរាស្ត្រ និងជាពិសេសព្រះអង្គតែងមានទឹកព្រះទ័យជ្រះថ្លាបរិសុទ្ធទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យ យ៉ាងច្រើនជាបន្តបន្ទាប់ជួយក្នុងវិស័យមនុស្សធម៌ សង្គមកិច្ច វប្បធម៌ អប់រំ សាសនា សុខុមាលភាព យុទ្ធនាការបោស សំអាតមីននៅកម្ពុជា ការជួយសង្គ្រោះអាយុជីវិតប្រជានុរាស្ត្រពីជំងឺកូវីដ-១៩ និងជីវភាពរស់នៅរបស់ប្រជានុរាស្ត្រ ព្រមទាំងព្រះរាជសកម្មភាពនានាជាច្រើនទៀតដែលបានរួមចំណែកយ៉ាងថ្លៃថ្លាដល់ការលើកកម្ពស់កិត្យានុភាពជាតិ លើឆាកអន្តរជាតិ និងការជំរុញកិច្ចអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងវប្បធម៌ ឱ្យរឹងរឹតតែមានភាពរីកចម្រើនខ្លាំងក្លានាពេលកន្លងមក។

ក្នុងសារលិខិតសម្តេចបានបន្តថា ឆ្លៀតក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រសើរថ្លៃថ្លាវិសេសវិសាលបំផុតនេះ ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំង ឡាយក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ បុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសបុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងទេវតាថែរក្សាឆ្នាំខាល ចត្វាស័ក ព្រះនាម កិរិណីទេវី សូមព្រះអង្គតាមជួយថែរក្សាអភិបាលប្រោះព្រំនូវព្រះសព្ទសាធុ ការពរជ័យគ្រប់ប្រការ និងសូមព្រះករុណាថ្លៃវិសេសព្រះអង្គទ្រង់សមប្រកបដោយព្រះពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំង បួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ ជាភិយ្យោភាពតរៀងទៅ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក