រដ្ឋធានីអាប៊ុយដាប៊ី៖ រដ្ឋលេខាធិការ និងជាប្រធានក្រុមចរចាពាណិជ្ជកម្មសម្រាប់ភាគីកម្ពុជា អ្នកស្រី តឹករ៉េត កំរង បានកោតសរសើរ និងអរគុណចំពោះភាគីអេមីរ៉ាតអារ៉ាប់រួម ដែលបានរៀបចំការចរចា និងការចុះហត្ថលេខាលើកំណត់ហេតុរួម ដែលជាលទ្ធផលនៃការចរចាជុំទី១នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។
ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ឱ្យដឹងថា រដ្ឋលេខាធិការ និងជាប្រធានក្រុមចរចាពាណិជ្ជកម្មសម្រាប់ភាគីកម្ពុជា អ្នកស្រី តឹករ៉េត កំរង និងអនុរដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានក្រុមចរចាពាណិជ្ជកម្មសម្រាប់ភាគីអេមីរ៉ាតអារ៉ាប់រួម លោក ជូម៉ា ម៉ូហាមេដ អាល់ កាត (Juma Mohammed Al Kait) បានជួបពិភាក្សាទ្វេភាគី ដើម្បីពិនិត្យ និងពិភាក្សាលើលទ្ធផលនៃការចរចា និងបិទបញ្ចប់ការចរចាជុំទី១ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤-២៦ ខែតុលា ឆ្នាំ២០២២ នៅអាប៊ុយដាប៊ី អេមីរ៉ាតអារ៉ាប់រួម។
ក្នុងនោះ អ្នកស្រី តឹករ៉េត កំរង បានកោតសរសើរ និងអរគុណចំពោះភាគីអេមីរ៉ាតអារ៉ាប់រួម ដែលបានទទួលរៀបចំការចរចាជុំទី១នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE Comprehensive Economic Partnership Agreement - CAM-UAE CEPA) ក៏ដូចជា ការផ្តល់បដិសណ្ឋារកិច្ចដល់គណៈប្រតិភូកម្ពុជា ដែលជាក្រុមការងារចរចា។
ជាមួយគ្នា អ្នកស្រី បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ នឹងពង្រឹងទំនាក់ទំនងទ្វេភាគីរបស់ប្រទេស តាមរយៈការបើកច្រកទីផ្សារឱ្យកាន់តែទូលាយ និងបង្កើនឱកាសវិនិយោគទ្វេភាគីសម្រាប់ផលប្រយោជន៍ទៅវិញទៅមក និងធ្វើឱ្យស៊ីជម្រៅទៅលើកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចផ្សេងទៀត។
ទន្ទឹមនោះ ប្រធានក្រុមចរចាអេមីរ៉ាតអារ៉ាប់រួម ក៏បានធ្វើការ កោតសរសើរពីភាពហ្មត់ចត់នៃក្រុមការងារភាគីទាំងពីរ ដែលញ៉ាំងឱ្យដំណើរការចរចាទាំងមូល ប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធិស្នាល និងយោគយល់ ប្រកបដោយប្រសិទ្ធភាព ដោយបាន។
គួរបញ្ជាក់ថា ប្រធានក្រុមចរចាទាំងពីរ បានចុះហត្ថលេខាលើកំណត់ហេតុរួម ដែលជាលទ្ធផលនៃការចរចាជុំទី១នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួមផងដែរ៕