
ក្រសួងមហាផ្ទៃជំរុញការអនុវត្តន៍តួនាទីស្មៀនឃុំសង្កាត់ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត
ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានប្រាប់ទៅកាន់អភិបាលរាជធានី ខេត្ត ឱ្យណែនាំនិងការអនុវត្តន៍តួនាទីរបស់ស្នៀនឃុំសង្កាត់ក្នុងដែនដីរបស់ខ្លួនឱ្យយកចិត្តទុកដាក់អនុវត្តន៍តួនាទី ភារកិច្ចខ្លួនខ្លួនក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការពិនិត្យបញ្ជីឈ្មោះ។
រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃលោក សក់ សេដ្ឋា បានបញ្ជាក់ក្នុងលិខិតជម្រាបទៅកាន់អភិបាលរាជធានី ខេត្តទាំងអស់ថា «ស្មៀនឃុំ សង្កាត់នីមួយៗ ត្រូវតែមានវត្តមានជាប្រចាំ ដើម្បីចូលរួមអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ លើកលែងតែមានធុរៈចាំបាច់បំផុត»។
ក្នុងករណីដែលស្មៀនឃុំមានធុរៈមិនអាចបំពេញការងារបាន អភិបាលក្រុង ស្រុក ខណ្ឌ ត្រូវសម្របសម្រួល និងចាត់តាំងមន្ត្រីនៃរដ្ឋបាល ក្រុង ស្រុក ខណ្ឌ ១រូប ដើម្បីបំពេញការងារពាក់ព័ន្ធការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ ជំនួសស្មៀនឃុំ សង្កាត់ ដែលអវត្តមាន ឬមិនទាន់មានស្មៀនឃុំ សង្កាត់ ដើម្បីធានានិរន្តរភាពការងារនេះ។
លោក សក់ សេដ្ឋា ក៏បញ្ជាក់ផងដែរថា៖ «ចំពោះការរៀបចំកិច្ចប្រជុំ និងការបណ្ដុះបណ្តាលនានាដែលត្រូវអញ្ជើញស្មៀនឃុំ សង្កាត់ចូលរួម រដ្ឋបាលរាជធានី ខេត្ត ត្រូវពិនិត្យលទ្ធភាពពន្យារពេលឲ្យផុតរយៈពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោតឆ្នាំ២០២២»។
គួរឱ្យដឹងផងដែរថាការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ចាប់ផ្តើមពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២៕