ភ្នំពេញ៖ នេះមិនមែនជាលើកទី១ ទេ ដែលរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល សុំការយោគយល់ពីពលរដ្ឋចំពោះការខូចខាតផ្លូវជាតិលេខ៣ ពីវាលរេញ ទៅខេត្តកំពត ប្រវែង ២០គីឡូម៉ែត្រ។ ខណៈផ្លូវមួយនេះពិបាកធ្វើដំណើរ និងប្រើរយៈពេលយូរ។
លោក ស៊ុន ចាន់ថុល បានថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន» នៅទីស្តីការគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ថា ផ្លូវវាលរេញទៅកំពត ប្រវែង៥៤គីឡូម៉ែត្រ គឺមានប្រវែង ៣៤គីឡូម៉ែត្រមានគុណភាពល្អ ប៉ុន្តែ ២០គីឡូម៉ែត្រទៀត ធ្វើយ៉ាងណាក៏មិនជាប់បានល្អឡើយ ពោលគឺដោយសារជម្រៅ ១៨ម៉ែត្រចុះក្រោមគឺជាដីស្អុយ ទើបធ្វើឱ្យផ្លូវប្រវែង ២០គីឡូម៉ែត្រនេះរងការខូចខាតធ្ងន់ធ្ងរ។
លោកបានថ្លែងថា នៅថ្ងៃខាងមុខក្រសួងសាធារណការនឹងជួសជុលផ្លូវមួយនេះឱ្យជាប់ ដោយចាក់គ្រឹះសសរ ៥គីឡូម៉ែត្រទៅក្រោមដី ហើយ ១៥គីឡូម៉ែត្រទៀត គឺត្រូវចាក់បេតុង ២តឹក ៦ហ៊ុន ដើម្បីកុំឱ្យដីវាស្រុត។
មានសំណួរជាច្រើនដែលចោទសួរទៅក្រសួងសាធារណការថាតើមានលទ្ធភាពធ្វើផ្លូវមួយនេះឱ្យជាប់បានយូរដែរទេ? លោករដ្ឋមន្ត្រីសាធារការបានឆ្លើយថា៖ «មានលទ្ធភាព និងបច្ចេកទេស ប៉ុន្តែពេលវេលានេះមិនទាន់មានថវិកាធ្វើ។ បើយើងយកថវិកាទៅជួសជុលបណ្តោះអាសន្នគឺវាអស់រាប់លានដុល្លារ។ ៦ខែក្រោយរលោយ បោះចោលលុយទទេ។ យើងមិនចង់បំផ្លាញថវិកាជាតិដែលក្រសួងសេដ្ឋកិច្ច និងស្ថាប័នពាក់ព័ន្ធខិតខំប្រឹងប្រែងរកថវិកា»។
លោកបានបន្តថា បច្ចុប្បន្ននេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យក្រុមហ៊ុន China Road and Bridge Corporation (CRBC) ជាអ្នកថែទាំផ្លូវមួយនេះដោយឥតគិតថ្លៃជាបណ្តោះអាសន្នសិន។ លោកបន្ថែមថា ក្រសួងកំពុងតែខិតខំស្វះស្វែងរកថវិកាពីបរទេស ដើម្បីយកមកសាងសង់ផ្លូវមួយនេះឱ្យបានជាប់តាមស្តង់ដាបច្ចេកទេស ហើយលោកសង្ឃឹមថានៅឆ្នាំ២០២៣ អាចនឹងសាងសង់ផ្លូវមួយនេះ៕