
សម្តេចពញាចក្រី ហេង សំរិន បានអំពាវនាវឱ្យមានការគោរពតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ
បាងកក៖ ប្រធានរដ្ឋសភាកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងក្នុងវេទិកាអន្តរសភាអាស៊ី-ប៉ាស៊ីហ្វិក ដោយអំពាវនាវដល់ប្រទេសនានាក្នុងពិភពលោកគោរពឱ្យបានតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ដើម្បីលើកកម្ពស់ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។
ថ្លែងអន្តរាគមន៍នៅក្នុងកិច្ចប្រជុំពេញអង្គ នៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី៣០ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) នាទីក្រុងបាងកក ប្រទេសថៃ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ឆ្នាំ២០២២នេះ សម្តេចពញាចក្រី ហេង សំរិន បានលើកឡើងថាបច្ចុប្បន្នពិភពលោកកំពុងប្រឈមនូវបញ្ហាជាច្រើន ដែលបានកំពុងកើតឡើង ភាពតានតឹងនៃភូមិសាស្រ្តនយោបាយ ការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល និងការគម្រាមកំហែងផ្នែកសន្តិសុខ សង្រ្គាមនៅអ៊ុយក្រែនជាដើម។ ដោយឡែកនៅក្នុងតំបន់អាស៊ានវិញ វិបត្តិមនុស្សជាតិ និងនយោបាយនៅមីយ៉ាន់ម៉ា នៅតែជាបញ្ហាសំាញាំ និងមិនងាយរលត់នោះទេ ខណៈដែលការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅមិនទាន់បានចប់ទាំងស្រុង។
ប្រឈមនឹងបញ្ហាទំាងអស់នេះ សម្តេចប្រធានរដ្ឋសភា បានអំពាវនាវឱ្យមានការគោរពតាមច្បាប់អន្តរជាតិ ពិសេសធម្មនុញ្ញអង្គការសហប្រជាជាតិ ដើម្បីលើកកម្ពស់ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។
សម្ដេចបានចាត់ទុកវេទិការអន្តរសភាអាស៊ី-ប៉ាស៊ីហ្វិក គឺជាកិច្ចប្រជុំដ៏មានសារៈសំខាន់ ដែលនឹងរួមចំណែកបន្ថែមទៀតដល់ការថែរក្សាសុខសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងវិបុលភាព សម្រាប់ប្រជាពលរដ្ឋនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក៏ដូចជាពលរដ្ឋ នៅទូទាំងពិភពលោក។
ឆ្លៀតឱកាសនោះ សម្តេចប្រធានរដ្ឋសភាក៏បានលើកឡើងពីការធ្វើជាម្ចាស់ផ្ទះមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ របស់សភាកម្ពុជា និងបានគោរពអញ្ជើញសមាជិក AIPA និងភ្ញៀវសង្កេតការណ៍ទំាងអស់ ចូលរួមមហាសន្និបាតនោះ នៅរាជធានីភ្នំពេញ ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា មហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ នឹងប្រព្រឹត្តិទៅក្រោមមូលបទ “បោះជំហានជាមួយគ្នា ដើម្បីនិរន្តរភាព បរិយាប័ន្ន និងភាពធន់របស់អាស៊ាន”។ កិច្ចប្រជុំនេះ នឹងបន្តកិច្ចសន្ទនាសំដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការសភា បន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាក្នុងតំបន់ និងសកល។
វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី៣០ (APPF) នៅឆ្នាំនេះ ប្រារព្ធធ្វើឡើងក្រោមមូលបទ «សភា និងការស្តារឡើងវិញប្រកបដោយចីរភាពក្រោយជំងឺកូវីដ-១៩ ដើម្បលើកកំពស់លទ្ធិប្រជាធិបតេយ្យ សន្តិភាព និងសន្តិសុខ»។ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក “The Asia Pacific Parliamentary Forum” ជាវេទិកាសភាធំមួយនៅក្នុងតំបន់ ដែលបង្កើតឡើងក្នុងគោលបំណងប្រមូលផ្តុំសភាក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជួបប្រជុំប្រចំាឆ្នាំ ដើម្បីដោះស្រាយបញ្ហារួម ជំរុញសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់និងសកលលោក។
កិច្ចប្រជុំដែលពិភាក្សាលើផ្នែកនយោបាយ និងសន្តិសុខ មានប្រធានបទសំខាន់ចំនួន៣ រួមមាន១) ការលើកកម្ពស់ការទូតសភាដើម្បីសន្តិសុខក្នុងតំបន់២) ការពង្រឹងសន្តិសុខផ្នែកព័ត៌មានវិទ្យានៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងទី៣) ស្តីពី សភានិងការស្តារការងើបឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ ដើម្បីលើកកម្ពស់ប្រជាធិបតេយ្យ សន្តិភាព និងសន្តិសុខ៕