ឥណ្ឌូណេស៊ី៖ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី បានដឹកនាំកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅលេខាធិការដ្ឋានអាស៊ាន ដើម្បីពិភាក្សាអំពីវិធីសាស្រ្តក្នុងការអនុវត្តឱ្យកាន់តែប្រសើរឡើងនូវកិច្ចព្រមព្រៀងឯកច្ឆន្ទប្រាំចំណុច (5PC) ដែលបានអនុម័តនៅក្នុងកិច្ចប្រជុំប្រមុខដឹកនាំអាស៊ាន កាលពីនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ និងដើម្បីស្នើជាអនុសាសន៍សម្រាប់ប្រមុខដឹកនាំអាស៊ាន ធ្វើការពិចារណានៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១។
តាមសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានដែលចេញផ្សាយដោយក្រសួងការបរទេសកម្ពុជា តំណាងកម្រិតមិនមែននយោបាយរបស់មីយ៉ាន់ម៉ាត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ ប៉ុន្តែពុំមានការឆ្លើយតបជាវិជ្ជមានពីមីយ៉ាន់ម៉ានោះឡើយ។
ក្នុងកិច្ចប្រជុំនោះ រដ្ឋមន្ត្រីការបរទេសអាស៊ានបានផ្លាស់ប្តូរទស្សនៈយ៉ាងទូលំទូលាយអំពីវិធីក្នុងការពង្រឹងការអនុវត្ត 5PC ដើម្បីជួយដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ចាប់ផ្តើមឡើងវិញនូវទំនាក់ទំនងយ៉ាងពេញលេញ និងជាប្រក្រតីរបស់មីយ៉ាន់ម៉ាជាមួយអាស៊ាន។
ជាពិសេស សារៈសំខាន់នៃការបន្តកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ានដោយពុំមានការរំខាន និងមធ្យោបាយសម្របសម្រួលនិងពន្លឿនការផ្តល់ជំនួយមនុស្សធម៌ជូនដល់ប្រជាជនមីយ៉ាន់ម៉ា និងការបញ្ចប់ឱ្យបានឆាប់នៃការវាយតម្លៃតម្រូវការរួមដែលដឹកនាំដោយមជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ និងការគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre)។
ប្រធានអាស៊ានទទួលស្គាល់ថា ស្ថានការណ៍ជាក់ស្តែងនៅមីយ៉ាន់ម៉ា នៅតែមានភាពដុនដាប និងផុយស្រួយ តែនេះក៏មិនមែនដោយសារកង្វះការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់អាស៊ាន និងប្រេសិតពិសេសនោះទេ។ ប៉ុន្តែដោយសារតែភាពស្មុគស្មាញ និងភាពលំបាកនៃជម្លោះអូសបន្លាយរាប់ទសវត្សរ៍របស់មីយ៉ាន់ម៉ា ដែលធ្វើឱ្យកាន់តែធ្ងន់ធ្ងរដោយវិបត្តិនយោបាយបច្ចុប្បន្ន។
ប្រធានអាស៊ានបានថ្លែងដូច្នេះថា៖ «ទោះបីជាមានបញ្ហាប្រឈមចម្បងទាំងនេះយ៉ាងណាក្តី ក៏អង្គប្រជុំបានឯកភាពថាអាស៊ានមិនគួរបាក់ទឹកចិត្ត ហើយគួរតែបង្កើនការប្តេជ្ញាចិត្តបន្ថែមទៀតដើម្បីជួយមីយ៉ាន់ម៉ា ក្នុងការស្វែងរកដំណោះស្រាយប្រកបដោយសន្តិវិធី ឱ្យបានឆាប់បំផុត»។
រដ្ឋមន្ត្រីការបរទេសនិងតំណាងប្រទេសសមាជិកអាស៊ានដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ បានរំលឹកឡើងវិញនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងមុតមាំរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន និងក្នុងនាមជាប្រេសិតពិសេសនៃប្រធានអាស៊ានស្តីពី មីយ៉ាន់ម៉ា ក្នុងការអនុវត្តអាណត្តិរបស់ខ្លួនក្នុងរយៈពេល ១០ខែ កន្លងមកនេះ។
កិច្ចប្រជុំក៏បានរំឮកដល់ទស្សនកិច្ចបើកផ្លូវរបស់ នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេច ហ៊ុន សែន ទៅកាន់មីយ៉ាន់ម៉ា ដែលបានត្រួសត្រាយផ្លូវសម្រាប់ដំណើរទស្សនកិច្ចទាំង០២លើករបស់ប្រេសិតពិសេស។
លោក ប្រាក់ សុខុន បានសង្កត់ធ្ងន់ថាលោកនៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញអាទិភាពទាំង០៣ ដែលកម្ពុជាបានដាក់ចេញតាំងពីការចាប់ផ្តើមតួនាទីជាប្រធានអាស៊ានគឺ បញ្ឈប់ ឬកាត់បន្ថយអំពើហិង្សា, សម្របសម្រួលផ្តល់ជំនួយមនុស្សធម៌ និងបង្កើតបរិយាកាសអំណោយផល សម្រាប់កិច្ចសន្ទនានយោបាយរវាងភាគីពាក់ព័ន្ធ។
លោកបានថ្លែងថា៖ «គួរតែដល់ពេលដែលយើងត្រូវធ្វើសកម្មភាពជាក់ស្តែង ហើយអាស៊ានត្រូវចាប់ផ្តើមសកម្មភាពរួមគ្នាដោយគោរពអធិបតេយ្យ បូរណភាពទឹកដី និងផលប្រយោជន៍របស់ប្រជាជនមីយ៉ាន់ម៉ាជាស្នូល។ កិច្ចប្រជុំក៏បានទទួលស្គាល់ថា ភាគីពាក់ព័ន្ធទាំងអស់នៅ មីយ៉ាន់ម៉ា សុទ្ធតែមានចំណែកក្នុងការបញ្ចប់ ឬធ្វើឱ្យវិបត្តិនយោបាយបច្ចុប្បន្នកាន់តែធ្ងន់ធ្ងរ ដែលបានបណ្តាលឱ្យបាត់បង់ជីវិតមនុស្សជាច្រើននាក់ បំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ប្រទេសមីយ៉ាន់ម៉ា និងបង្កផលប៉ះពាល់យូរអង្វែងដល់សេដ្ឋកិច្ច ហើយវាមានភាពចាំបាច់និងបន្ទាន់ដែលដំណើរការនៃការសន្ទនាត្រូវតែចាប់ផ្តើមឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន»៕