ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កម្ពុជារកឃើញផូស៊ីលដាយណូស័រ អាយុកាលពី ៦៥ ទៅ១៩០លានឆ្នាំនៅខេត្តកោះកុង

កោះកុង៖ កម្ពុជារកឃើញផូស៊ីលដាយណូស័រជាលើកដំបូងនៅកោះប៉ោ ជាប់ដែនជម្រកសត្វព្រៃតាតៃ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង នៅឆ្នាំ២០២១។

ប្រធានការិយាល័យបេតិកភណ្ឌវប្បធម៌ នាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន លោក លឹម វណ្ណច័ន្ទ បានប្រាប់អ្នកសារព័ត៌មាន EAC ឱ្យដឹងថា អ្នកជំនាញសន្និដ្ឋានជាបឋមថាផូស៊ីលដាយណូស័រនោះជាឆ្អឹងស្មងជើងខាងឆ្វេងដែលវាមានកម្ពស់ ៣ម៉ែត្រ។

លោកបានបញ្ជាក់ថា ផូស៊ីលដាយណូស័រនេះត្រូវបានប្រទះឃើញដោយចៃដន្យនៅក្នុងស្រទាប់ថ្មភក់ផ្នែកខាងក្រោមកោះប៉ោ។ ផូស៊ីលដាយណូស័រដែលមានប្រវែង ៧០សង់ទីម៉ែត្រ និងទទឹង ២០សង់ទីម៉ែត្រ អ្នកស្រាវជ្រាវមិនទាន់អាចបញ្ជាក់បានថាជាប្រភេទដាយណូស័រណានៅឡើយទេ។ តែផ្អែកតាមស្រទាប់ថ្មភក់ វាមានអាយុកាលពី ៦៥លានទៅ១៩០លានឆ្នាំមុន។

លោកដែលជាអ្នកចុះទៅសិក្សាស្រាវជ្រាវផូស៊ីលនោះដោយផ្ទាល់បានប្រាប់ថា៖ «អាយុកាលរបស់វា គឺវាចាស់ជាងពួកដំរីដែលមានជីវិតនៅលើពិភពលោក។ ចំណែកថ្មដែលយើងឃើញនោះគឺវាចាស់ជាង៦៥លានឆ្នាំ។ ពេលវេលាវាខុសគ្នា អ៊ីចឹងការដែលយើងសិក្សាផ្នែកផូស៊ីល គឺយើងសិក្សាទៅលើថ្ម បូកផ្សំនឹងដី និងជីវចម្រុះ។ យើងរកឃើញវានៅលើកោះប៉ោ ប៉ុន្តែកោះហ្នឹងនៅលើភ្នំ ជាប់នឹងដៃសមុទ្រ។ ការសិក្សាផូស៊ីលគឺយើងពិនិត្យលើសណ្ឋានដីរបស់វា កោះប៉ោភ្ជាប់ទៅហ្នឹងភ្នំក្រវាញ ដែលអាយុភ្នំក្រវាញគឺមានអាយុចន្លោះ ៦៥លានទៅជាង ១០០លានឆ្នាំ គឺជាថ្មដែលសម្បូរជាងគេនៅហ្នឹង អ៊ីចឹងនេះជាភាពទូទៅ។ អ៊ីចឹងយើងពិនិត្យថាដែលយើងរកឃើញនោះវាចូលក្នុងភាពទូទៅ ឬស្ថិតក្នុងលក្ខខណ្ឌអីមួយផ្សេង»។

លោកបន្តថា៖ «ទីតាំងដែលយើងរកឃើញនោះ គឺវាស្ថិតក្នុងទីតាំងថ្មភក់ (ដូចថ្មនៅភ្នំគូលែន ដូចថ្មនៅក្នុងអង្គរ) អ៊ីចឹងលក្ខណៈភូគព្កសាស្ត្រនៃតំបន់ជួរភ្នំក្រវាញ គឺថ្មភក់ហ្នឹង។ ទន្និន័យដែលយើងភ្ជាប់វា គឺវាស៊ីគ្នានឹងទន្និន័យលក្ខណៈទូទៅ អ៊ីចឹងមានកាលបរិច្ឆេទទូទៅហើយ គឺចន្លោះពី ៦៥លានឆ្នាំ ទៅជិត ២០០លានឆ្នាំ»។

តែយ៉ាងណាលោកថា អ្នកជំនាញនឹងគាស់បំណែកថ្មដែលមានផូស៊ីលនោះមករក្សាទុកនៅក្រសួងបរិស្ថាន ដើម្បីបន្តស្រាវជ្រាវ។

បើតាមលោក លឹម វណ្ណច័ន្ទ នៅខែវិច្ឆិកាខាងមុខនេះ អ្នកជំនាញស្រាវជ្រាវផូស៊ីលជនជាតិបារាំង២នាក់ និងជនជាតិស្វីសចំនួន១នាក់នឹងមកកម្ពុជាសិក្សាស្រាវជ្រាវ កំណត់អាយុកាល និងកំណត់អំពីប្រភេទដាយណូស័រពិតប្រាកដ។ លោកថា ទម្រាំតែសិក្សាស្រាវជ្រាវចប់ គឺត្រូវចំណាយពេលយ៉ាងហោចណាស់ ១ឆ្នាំទៀត ទើបដឹងច្បាស់ពីប្រវត្តិផូស៊ីលដាយណូស័រនោះ។

អ្នកជំនាញផ្នែកផូស៊ីលបានប្រាប់ថា៖ «យើងដកវាមកទាំងដុំថ្ម គឺយើងមិនមែនដកមកទាំងឆ្អឺងទេ អ៊ីចឹងយើងត្រូវការពេលរាប់ខែដើម្បីឆ្កឹះឆ្អឹងវាចេញមក ហើយយើងធ្វើផែនការសិក្សាវាជាបន្តទៀត»។

បើតាមលោកប្រធានការិយាល័យបេតិកភណ្ឌវប្បធម៌ កាលណាសិក្សាដឹងច្បាស់អំពីប្រវត្តិផូស៊ីលដាយណូស័រនោះហើយ ក្រសួងបរិស្ថាននឹងគ្រោងយកវាទៅរក្សាទុកនៅសារមន្ទីរធម្មជាតិ។

លោកបន្តថា នៅចុងឆ្នាំ២០២២ អ្នកជំនាញនឹងបន្តស្រាវជ្រាវ និងធ្វើកំណាយដើម្បីស្វែងរកផូស៊ីលដាយណូស័របន្ថែមទៀតនៅទីតាំងដដែលនោះ។

លោកនិយាយថា៖« វាអាចនឹងមានផូស៊ីលដាយណូស័របន្ថែមទៀត ប៉ុន្តែវាគ្រាន់ថា វាស្ថិតក្នុងស្រទាប់ប្រមាណ ៣០ម៉ែត្រក្រោមភ្នំ អ៊ីចឹងវាមិនមែនជាការងាយស្រួលទេ វាគ្រាន់តែការចៃដន្យដែលយើងរកឃើញ។ នៅចុងឆ្នាំនេះយើងគ្រោងបើកស្រាវជ្រាវ ៥ម៉ែត្រ ៤ជ្រុង ហើយយើងនឹងបើកស្រាវជ្រាវជុំវិញហ្នឹងថាតើគ្រោងឆ្អឹង និងបំណែងផូស៊ីលដាយណូស័រផ្សងទៀត»។

សម្រាប់លោក លឹម វណ្ណច័ន្ទ ការរកឃើញផូស៊ីលដាយណូស័រលើកដំបូងនៅកម្ពុជានេះ គឺការផ្តល់ឱកាសឱ្យអ្នកស្រាវជ្រាវ និងអ្នកសិក្សាអាចស្រាវជ្រាវ និងឈ្វេងយល់ពីផូស៊ីលដែលមាននៅក្នុងពិភពលោក។

បើតាមប្រធានការិយាល័យបេតិកភណ្ឌវប្បធម៌ នាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន បេសកកម្មស្វែងរកផូស៊ីលនៅកម្ពុជាគឺចាប់ផ្តើមធ្វើឡើងនៅក្នុងឆ្នាំ២០១៩ ដោយក្នុងនោះអ្នកជំនាញបានរកឃើញផូស៊ីលជាច្រើនប្រភេទនៅក្នុងស្ថានីយផូស៊ីលចំនួន ៤៣កន្លែង។ ផូស៊ីលដែលរកឃើញមានដូចជា ផូស៊ីលសត្វសមុទ្រ ខ្យង ត្រី លៀស ផ្កាថ្មសំបុកឃ្មុំ ផូស៊ីលដើមឈើ ផូស៊ីលដាយណូស័រ និងផូស៊ីលជាប្រភេទដានជើងជាដើម៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក