បន្ទាយមានជ័យ៖ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ំុ រាត្រី បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលគាំទ្រជឿទុកចិត្តលើគណបក្សប្រជាជន និងបានបញ្ជាក់ថាប្រធានគណបក្ស សម្ដេចតេជោ ហ៊ុន សែន គឺតែងតែនៅក្បែរប្រជាពលរដ្ឋជានិច្ចដើម្បីជួយលើកទឹកចិត្ត និងគាំទ្រដល់ពលរដ្ឋឱ្យងើបពីការលំបាក។
ថ្លែងក្នុងឱកាសដែលលោកបន្តនាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិតចែកជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ប្រមាណជិត៨០០គ្រួសារ នៅក្នុងក្រុងសិរីសោភ័ណ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ លោក អ៊ំុ រាត្រី បានលើកឡើងថាជ័យជម្នះរបស់គណបក្សប្រជាជនជាច្រើនអាណតិជាប់គ្នាក៏ដោយសារតែមានការចូលរួមពីប្រជាពលរដ្ឋបានធ្វើឱ្យ សម្តេចតេជោបានបន្តដឹកនាំប្រទេសតតាំងពីចំនុចសូន្យរហូតដល់ពេលបច្ចុប្បន្នមានរីកចម្រើនអភិវឌ្ឍន៍ដូចពេលនេះ។ លោកបន្ថែមថាការទុកចិត្តលើសម្ដេចតេជោ ហ៊ុន សែន គឺជារឿងដែលត្រឹមត្រូវព្រោះសម្ដេចតេជោមិនដែលទៅណាចោលប្រជាពលរដ្ឋនោះទេ។
លោក អ៊ំុ រាត្រី បានបញ្ជាក់ទៀតថា៖ «ក្រោមការដឹកនាំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមដំបូលនៃសន្តិភាពបងប្អូនប្រជាពលរដ្ឋរស់នៅដោយភាពសម្បូរសប្បាយគ្មានការភ័យខ្លាច។ ជាពិសេសនៅពេលប្រជាពលរដ្ឋជួបទុក្ខលំបាកសម្តេចតែងតែនៅក្បែរបងប្អូនប្រជាពលរដ្ឋជានិច្ច ជាក់ស្តែងសម្តេចតេជោ ហ៊ុន សែន បានចុះជួប និងផ្តល់នូវអំណោយស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ ព្រមទាំងស្រូវពូជជូនដល់បងប្អូនកសិករជាធ្វេីជាទុន ដើម្បីមានលទ្ធភាពស្តារបង្កើនផលឡើងវិញ»។
គួរឱ្យដឹងផងដែរថាកាលពីសប្ដាហ៍មុន និងដើមសប្ដាហ៍នៃ សម្ដេចតេជោ ហ៊ុន សែន បានចំណាយពេលចុះជួបពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅខេត្តជុំវិញបឹងទន្លេសាបរួមមានបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងកំពង់ឆ្នាំង ដើម្បីលើកទឹកចិត្ត ក៏ដូចជាផ្ដល់ជំនួយជាស្បៀងអាហារ និងគ្រាប់ពូជជូនប្រជាកសិករដើម្បីត្រៀមស្តារផលដំណាំរបស់ពួកគេឡើងវិញក្រោយពីទឹកស្រកផងដែរ៕