នាយករដ្ឋមន្ត្រីបញ្ជារដ្ឋមន្ត្រីដែនដីឱ្យកាត់ឆ្វៀលដីដល់ពលរដ្ឋចាស់ស្រុកដែលរស់នៅក្នុងតំបន់២ និង៣ នៃបឹងទន្លេសាបឱ្យបានមុនចូលឆ្នាំខ្មែរ
កំពង់ឆ្នាំង៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាដល់រដ្ឋមន្ត្រីដែនដី ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ឱ្យធ្វើការជាមួយអាជ្ញាធរខេត្តជាប់បឹងទន្លេសាបឱ្យកាត់ឆ្វៀលដីតំបន់២ និងតំបន់៣ ទៅឱ្យពលរដ្ឋដែលមានទីលំនៅក្នុងតំបន់ទាំងនោះរស់នៅតាំងពីដូនតាពួកគេមក ដោយទុកពេលចាប់ពីពេលនេះរហូតដល់ចូលឆ្នាំខ្មែរឆ្នាំក្រោយ។
ថ្លែងក្នុងពិធីចែកស្បៀងអាហារ និងពូជស្រូវជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅខេត្តកំពង់ឆ្នាំង ព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ពលរដ្ឋមួយចំនួនដែលរស់នៅក្នុងតំបន់២ និងតំបន់ ៣នៃបឹងទន្លេសាបមានទីលំនៅតាំងពីដូនតារបស់ពួកគេមក និងឱ្យអាជ្ញាធរសម្រួលចាត់ចែងលើការងារនេះឱ្យបានឆាប់រួចរាល់។ ការបញ្ជាក់របស់សម្ដេចតេជោនាពេលនេះគឺដើម្បីឱ្យពលរដ្ឋមានការស្ងប់ចិត្តក្នុងការរស់នៅលើទឹកដីកំណើតខ្លួន ដែលកន្លងទៅនៅមានព័ត៌មានមិនទាន់ច្បាស់លាស់លើបញ្ហានេះ។
ទោះជាយ៉ាងសម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថានឹងមិនអនុញ្ញាតឱ្យជនខិលខូចទន្ទ្រានយកដីបន្ថែមទេខណៈរដ្ឋនឹងទុកដី ១០% បន្ថែមទៀតដល់ពលរដ្ឋរស់នៅតំបន់ទាំងនោះដើម្បីឱ្យពលរដ្ឋអាចអាស្រ័យផលផ្សេងៗបាន។ ហើយដីដែលអ្នកមានអំណាច និងជនខិលខូចដែលកាប់ទន្ទ្រានកាលពីមុនរដ្ឋត្រូវដកចេញមកធ្វើជាកម្មសិទ្ធរដ្ឋឱ្យបាន។
សម្ដេចតេជោថា៖ «ថ្ងៃនេះខ្ញុំបញ្ជូនសារជាក់លាក់ សម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងទន្លេសាប ប៉ុន្តែខ្ញុំគ្រាន់តែសុំយកត្រឡប់មកវិញ នៅដីដែលទន្ទ្រានដោយអ្នកមានអំណាច ឬអ្នកខិលខូចទាំងឡាយ ដែលមិនមែនជាភូមិចាស់ប៉ុណ្ណោះ ហើយយើងត្រូវដាំកូនឈើឡើងវិញ ដើម្បីឲ្យត្រូវជាព្រៃលិចទឹក សម្រាប់ប្រជាពលរដ្ឋ»។
សម្ដេចតេជោ បានជំរុញដល់ពលរដ្ឋកុំឱ្យកាប់បំផ្លាញព្រៃលិចទឹកត្រូវចូលរួមថែរក្សាដើម្បីការពារបរិស្ថាន ជីវចំរុះនៅក្នុងតំបន់បឹងទន្លេសាបឡើងវិញ៕