ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

លោក ឯម ច័ន្ទមករា អំពាវនាវពលរដ្ឋរួមគ្នាទប់ស្កាត់អំពើហិង្សាលើស្ត្រី និងកុមារមានពិការភាព

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានអំពាវនាវឱ្យពលរដ្ឋបង្កើនការយល់ដឹងឱ្យបានកាន់តែច្រើនពាក់ព័ន្ធទៅនឹងវិស័យពិការភាព ជាពិសេសរួមគ្នាចូលរួមទប់ស្កាត់រាល់អំពើហិង្សាក្នុងរូបភាពណាមួយលើស្ត្រី និងកុមារមានពិការភាពនៅកម្ពុជា។

ថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលអំពីជំនាញចរចា និងចំណេះដឹងមូលដ្ឋានទាក់ទងនឹង យេនឌ័រ និងពិការភាព ដល់ស្ត្រីមានពិការភាពនាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគារសាន់វ៉េ លោក ឯម ច័ន្ទមករា បានលើកឡើងថាស្ត្រី និងកុមារីដែលមានពិការភាព ទូទាំងពិភពលោកបានជួបប្រទះបញ្ហាយេនឌ័រ ពិការភាព និង ភាពក្រីក្រ ទទួលរងនូវការមាក់ងាយ ការរើសអើង និងរងនូវអំពើហិង្សាជាច្រើនរូបភាព បើប្រៀបធៀបទៅនឹងបុរសដែលគ្មានពិការភាព និងស្ត្រីដែលគ្មានពិការភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបាននិយាយថា បច្ចុប្បន្នវិបត្តិធំៗចំនួន២ គឺការរាតត្បាតនៃជំងឺកូវីដ-១៩ និងការប្រែប្រួលអាកាសធាតុដែលកំពុងកើតឡើង ក៏បានធ្វើឱ្យស្រី្តរងផលប៉ះពាល់ផងដែរ។

លោកបាននិយាយថា តែយ៉ាងណា ចាប់តាំងពីដំណាក់កាលដំបូងនៃការរាលដាលនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការឆ្លើយតបដ៏មានប្រសិទ្ធភាពខ្ពស់ ក្នុងការផ្តល់ជំនួយសង្គ្រោះបន្ទាន់យ៉ាងឆាប់រហ័សក្នុងការបញ្ជាទិញឧបករណ៍ និងគ្រឿងបរិក្ខារពេទ្យដែលជាតម្រូវការបន្ទាន់ រួមទាំង ឧបករណ៍តេស្តរហ័ស ការផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ការព្យាបាលនិងធានាបាននូវប្រព័ន្ធគ្រប់គ្រងសុខភាពសាធារណៈសម្រាប់ប្រជាជនគ្រប់រូប ជាពិសេសស្ត្រីមានផ្ទៃពោះ ស្ត្រី និងកុមារីដែលមានពិការភាព និងជនចាស់ជរា។

លោកបន្តថា ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យអនុវត្តនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ កុមារអាយុក្រោម២ឆ្នាំ និងស្ត្រីមានពិការភាព តាំងពីខែមិថុនា ឆ្នាំ២០១៩ ដែលរហូតមកទល់បច្ចុប្បន្ននេះមានរយៈពេល ៣ឆ្នាំ ៣ខែ។ ជាពិសេសកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ចាប់ផ្តើមនៅខែមិថុនា ឆ្នាំ២០២០ ដែលមកទល់បច្ចុប្បន្ននេះ មានរយៈពេល២ឆ្នាំ ៤ខែ។

បន្ថែមពីនេះ លោក ឯម ច័ន្ទមករា បានលើកឡើងថា ក្រសួងសង្គមកិច្ច ក្រសួងកិច្ចការនារី និងស្ថាប័នពាក់ព័ន្ធនានាបានត្រួសត្រាយផ្លូវថ្មី និងស្វែងរកឱកាសកាន់តែច្រើនសម្រាប់ស្ត្រីនិងកុមារីដែលមានពិការភាព ដូចជាការបង្កើតឱកាសការងារដែលមានជំនាញសម្រាប់ស្ត្រី ការសម្របសម្រួលដល់សហគ្រិនស្ត្រីឱ្យទទួលបានហិរញ្ញវត្ថុ និងការបណ្តុះបណ្តាលដើម្បីពង្រីកអាជីវកម្មរបស់ពួកគេ។

លើសពីនេះរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើសិទ្ធិរបស់ជនមានពិការភាព ដោយបានដាក់ចេញ ផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព២០១៩-២០២៣ ដែលផែនការនេះគឺមានយុទ្ធសាស្រ្តមួយគឺផ្តោតទាំងស្រុងទៅលើបញ្ហាយេនឌ័រ និងបញ្ឈប់ការប្រើប្រាស់អំពើរហិង្សាលើស្រ្តីនិងក្មេងស្រីដែលមានពិការភាព។

លោក ឯម ច័ន្ទមករា បានថ្លែងថា៖ «ជនមានពិការភាពត្រូវបានការពារបន្ថែមដោយច្បាប់ជនពិការដែលមានន័យថា នៅពេលដែលជនមានពិការភាពត្រូវបានរំលោភបំពាននោះ ជនដែលប្រព្រឹត្តិត្រូវទទួលទោសតាមច្បាប់នានា ហើយត្រូវបន្ថែមស្ថានទម្ងន់ទោសថែមទៀតដោយផ្អែកលើច្បាប់ជនពិការ»

លោកបន្ថែមថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏ដូចជាអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការមានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធានាថាស្ត្រីនិងកុមារី ជាពិសេសស្ត្រីនិងកុមារីមានពិការភាពទាំងអស់ឱ្យទទួលបានសិទ្ធិ ឱកាសស្មើភាព និង ការការពារ ហើយជំរុញឱ្យសំឡេងរបស់ពួកគេដាក់ចូលទៅក្នុងដំណើរការធ្វើការសម្រេចចិត្ត៕

PHOTO: EAC NEWS


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក