ត្បូងឃ្មុំ៖ ផ្អែកតាមការចាំបាច់ និងយោងទៅលើផែនការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩ រួមទាំងការផ្ទុះឡើងនូវករណីឆ្លងថ្មីក្នុងភូមិសាស្រ្តក្រុងសួង រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃអង្គារ ទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ បានធ្វើការជម្រាបជូនដំណឹងដល់បងប្អូនកម្មករ-កម្មការិនីរោងចក្រ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងទីប្រជុំជនក្រុងសួង ជាពិសេសបងប្អូនដែលរស់នៅក្នុងតំបន់ប្រឈម ដែលមានហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ សូមអញ្ជើញមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ដូសទី១ ចាប់ពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២១ នេះតទៅ នៅតាមទីកន្លែងដែលបានរៀបចំជូនចំនួន ៥ទីតាំងរួមមានដូចជា៖ (១).មន្ទីរពេទ្យបង្អែក ព្រះនរោត្តមសីហនុ ត្បូងឃ្មុំ (២).មណ្ឌលសុខភាពសួង (៣) .មណ្ឌលសុខភាពវិហារលួង (៤). ទីធ្លាវត្តពណ្ណរាយ និងទី(៥). ទីធ្លាវត្តវិហារខ្ពស់។
ចំពោះពេលវេលាសម្រាប់ការផ្តល់ជូននូវការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នេះ ត្រូវបែងចែកជា ២គឺ៖
- ពេលព្រឹក ចាប់ពីម៉ោង ៧:៣០នាទីព្រឹក ដល់ម៉ោង ១១:៣០នាទីថ្ងៃត្រង់
- ពេលល្ងាច ចាប់ម៉ោង ១៣:០០នាទីរសៀល ដល់ម៉ោង ១៦:០០នាទីល្ងាច
សូមបញ្ជាក់ៈផងដែរថា សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានបំណងមកទទួលវ៉ាក់សាំងដោយស្ម័គ្រចិត្ត សូមភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ឬសៀវភៅគ្រួសារសម្រាប់ការផ្ទៀងផ្ទាត់ជាឯកសារ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនកម្មករ-កម្មការនីរោងចក្រ និងបងប្អូនប្រជាពលរដ្ឋ ទាំងអស់ក្នុងទីប្រជុំជនក្រុងសួង ខេត្តត្បូងឃ្មុំ មេត្តាជ្រាបជាព័ត៌មាន និងរួសរាន់មកទទួលវ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា ព្រមទាំងយកចិត្តទុកដាក់អនុវត្តវិធានការ “៣ការពារ ៣កុំ” របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ការណែនាំរបស់ក្រសួងសុខាភិបាល និងវិធាន ការនានាដែលដាក់ចេញដោយរដ្ឋបាលខេត្តត្បូងឃ្មុំ។
ដោយឡែកសម្រាប់ស្រុកទាំង៦ផ្សេងទៀតនៃខេត្តត្បូងឃ្មុំ រដ្ឋបាលខេត្តត្បូងឃ្មុំនឹងជូនដំណឹងអំពីការផ្តល់វ៉ាក់សាំងកូវីដ-១៩នេះនៅពេលក្រោយ៕