កំពង់ឆ្នាំង៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានបង្ហាញពីសញ្ញាដែលបក្សភ្លើងទៀនអាចនឹងត្រូវរលាយ ប្រសិនជាគណបក្សនេះមិនចេញជំហរប្រឆាំងទៅនឹងការប្រមាថរបស់ សម រង្ស៊ី និងផ្ដាច់ខ្លួនពីជននេះ។ សម្ដេចបានថ្លែងបែបនេះក្នុងពេលជួបជាមួយនឹងពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ក្នុងខេត្តកំពង់ឆ្នាំងព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២នេះ។
ជាលើកដំបូងដែលសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងដោយចំឈ្មោះគណបក្សភ្លើងទៀននិងចំឈ្មោះបុគ្គល សម រង្ស៊ី ដែលសម្ដេចបានប្រកាសថាសម្ដេចបានដឹងថាគណបក្សនិងជនមួយនេះកំពុងមានទំនាក់ទំនងនឹងគ្នា។ លើសពីនេះសម្ដេចក៏បានដឹងពីផែនការក្នុងកិច្ចប្រជុំរវាងទណ្ឌិត សម រង្ស៊ី និងបក្សភ្លើងទៀនផងដែរ។
សម្ដេចថា៖ «ខ្ញុំក៏សូមជម្រាបថា ឯកឧត្តម ទាវ វណ្ណុល ឯកឧត្តម សុន ឆ័យ ឯកឧត្តម ថាច់ សេដ្ឋា ថាខ្សែអាត់ទាំងប៉ុន្នានបានស្ថិតនៅដៃរបស់ខ្ញុំរួចស្រេចទៅហើយ។ ជាពិសេសការប្រជុំតាមអនឡាញដែលមានអង្គប្រជុំនៅអាមេរិក និងបារាំង ជាមួយអ្នកនៅស្រុកខ្មែរ។ ឥឡូវនេះខ្ញុំដឹងអស់លោកអ្នកទៀតអស់លោកកំពុងមានការសង្ស័យទៅលើឈ្មោះ តុប វណ្ណចាន់ ដែលជាអតីតអ្នកតំណាងរាស្ត្រថាជាអ្នកថតសំឡេង។ អស់លោកសង្ស័យគ្នាក៏សង្ស័យទៅរឿងរបស់អស់លោកទេ»។
សម្ដេចតេជោបានបញ្ជាក់ថា តាមរយៈច្បាប់ស្ដីពីគណបក្សនយោបាយគឺមិនឲ្យគណបក្សនយោបាយមានទំនាក់ទំនងជាមួយនឹងទណ្ឌិតនោះទេ។ ដូច្នេះតម្រុយនៃដំណាក់កាលមួយគឺកំពុងប្រឈមនឹងបក្សមួយនេះ។
សម្ដេចថា៖ «ដូច្នេះអ្វីដែលអ្នកឯងគួរធ្វើត្រូវតែបញ្ជាក់ឲ្យបានច្បាស់តើការអះអាងរបស់សមរង្ស៊ីថាព្រះមហាក្សត្រអត់មានមនសិការស្នេហាជាតិ ហើយមានការក្បត់ជាតិដែលកាលពីឆ្នាំកន្លងទៅតែងតែមានការប្រមាថព្រះមហាក្សត្រថាជារឿងត្រឹមត្រូវឬមិនត្រឹមត្រូវ? ចំណុចនេះខ្ញុំចង់បានការធានាមួយពីសំណាក់អស់លោកហើយអស់លោកកុំនិយាយថានេះគឺជារឿងគំរាមកំហែងអស់លោកត្រូវដឹងថាខ្ញុំតំណាងឲ្យរាជរដ្ឋាភិបាលខ្ញុំត្រូវមានលទ្ធភាពគ្រប់គ្រាន់ក្នុងការការពារព្រះមហាក្សត្រ រាជានិយម ការពាររាជបល្ល័ង្គ។ ខ្ញុំមិនឱ្យអ្នកបំពានបានទេ»។
ប្រតិកម្មខ្លាំងៗរបស់នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន គឺបន្ទាប់ពី សម រង្ស៊ី ដែលធ្លាប់ជាប្រធានបក្ស សម រង្ស៉ី មុនប្រែក្លាយជាបក្សភ្លើងទៀន បាននិយាយកាលពីពេលថ្មីៗនេះដោយប្រមាថព្រះមហាក្សត្រថា «ស្តេចស្រុកខ្មែរគ្មានមនសិការជាតិសូម្បីតែបន្តិច» រួមទាំងបានចោទមកលើព្រះមហាក្សត្រថា បានឡាយព្រះហស្ថលេខាកាត់ទឹកដីឱ្យបរទេសថែមទៀតផង។ ការប្រមាថបែបនេះបង្កឲ្យមានប្រតិកម្មថ្កោលទោសពីសំណាក់រាជរដ្ឋាភិបាលនិងគ្រប់ក្រសួង ស្ថាប័ននានាផងដែរ៕
PHOTO: EAC NEWS