BREAKING NEWS: សម្ដេចតេជោលើកទឹកចិត្តទៅដល់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់បក្សភ្លើងទៀនប្រកាសជំហរឆ្លើយតបនឹង សម រង្ស៉ី
កំពង់ឆ្នាំង៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តដល់សមាជិកគ្រប់ប្រឹក្សាឃុំសង្កាត់ មកពីគណបក្សភ្លើងទៀនឲ្យប្រកាសពីជំហរលើការថ្លែងដែលប្រមាថអង្គព្រះមហាក្សត្រដោយលោក សម រង្ស៊ី និងបានធានាការពារនូវមុខតំណែងរបស់ពួកគេថែមទៀត។
ថ្លែងនៅក្នុងជំនួបមួយនិងពលរដ្ឋរងគ្រោះដោយទឹកជំនន់ជាង ៣ពាន់នាក់ នៅខេត្តកំពង់ឆ្នាំង ព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការចេញមកបញ្ជាក់លើកគំនិតរបស់ខ្លួនចំពោះការថ្លែងរបស់ សម រង្ស៊ី គឺជាសិទ្ធិរបស់សមាជិកទាំងអស់ ដោយសម្ដេចបានធានាថាប្រសិនជាគណបក្សភ្លើងទៀន សមាជិកក្រុមប្រឹក្សាឃុំទាំងនោះចេញពីតំណែងនោះក៏ក្រសួងមហាផ្ទៃមិនព្រមចុះហត្ថលេខាដកអ្នកទាំងនោះចេញពីសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ដែរ។
សម្ដេចតេជោថា៖ «ហើយខ្ញុំសូមធានាថាគ្មានការដោះដូរណាមួយអាចទៅរួចទេ បើរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង មិនឲ្យដោះដូរ! អាហ្នឹងគឺជារឿងពិតព្រោះអីការពារព្រះមហាក្សត្រមានរឿងអីអ្នកឯងត្រូវដោះដូរចេញ។ អញ្ចឹងបញ្ហាដោះដូរបាន មិនមែនគ្រាន់តែអ្នកឯងដេញចេញពីបក្សទេ គឺបញ្ហាស្ថិតនៅត្រង់ថាសម្ដេចក្រឡាហោម ស ខេង ចុះហត្ថលេខាឲ្យដូរឬអត់?»
លទ្ធផលបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ កាលពីខែមិថុនា កន្លងទៅ គ.ជ.ប បានបង្ហាញថាគណបក្សភ្លើងទៀនគ្រប់គ្រងអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ជាង ២ពាន់អាសនៈ។
ជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ដែលធ្លាប់ជាប្រធានបក្ស សម រង្ស៉ី មុនប្រែក្លាយជាបក្សភ្លើងទៀន បាននិយាយកាលពីពេលថ្មីៗនេះដោយប្រមាថព្រះមហាក្សត្រថា «ស្តេចស្រុកខ្មែរគ្មានមនសិការជាតិសូម្បីតែបន្តិច» រួមទាំងបានចោទមកលើព្រះមហាក្សត្រថា បានឡាយព្រះហស្ថលេខាកាត់ទឹកដីឱ្យបរទេសថែមទៀតផង។ ការប្រមាថបែបនេះបង្កឲ្យមានប្រតិកម្មថ្កោលទោសពីសំណាក់រាជរដ្ឋាភិបាលនិងគ្រប់ក្រសួង ស្ថាប័ននានាផងដែរ៕
PHOTO: EAC NEWS