BREAKING NEWS: នាយករដ្ឋមន្ត្រីប្រាប់ឲ្យមេដឹកនាំគណបក្សភ្លើងទៀនចេញមុខបញ្ជាក់ពីជំហរចំពោះការថ្លែងរបស់ សម រង្ស៉ី
កំពង់ឆ្នាំង៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅកាន់មេដឹកនាំគណបក្សភ្លើងទៀនឲ្យចេញមុខមកបញ្ជាក់ពីជំហរនិងគំនិតចំពោះសេចក្ដីថ្លែងការណ៍របស់លោក សម រង្ស៊ី ដែលបានប្រមាថដល់អង្គព្រះមហាក្សត្រ។
ថ្លៃនៅក្នុងជំនួបមួយនិងពលរដ្ឋរងគ្រោះដោយទឹកជំនន់ជាង ៣ពាន់នាក់ នៅខេត្តកំពង់ឆ្នាំង ព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោបានប្រាប់ដោយចំឈ្មោះទៅលោក ទាវ វណ្ណុល, លោក សុន ឆ័យ, លោក ថាច់ សេដ្ឋា, ដែលជាមេដឹកនាំគណបក្សភ្លើងទៀនឱ្យចេញមុខមកបញ្ជាក់អះអាងថាតើការនិយាយរបស់ សម រង្ស៊ី ដែលបានប្រមាថព្រះមហាក្សត្រថាត្រឹមត្រូវ ឬមិនត្រឹមត្រូវ?
សម្ដេចតេជោថា៖ «ខ្ញុំសូមបញ្ជាក់ថារឿងនេះមិនមែនជារឿងតូចតាច ឬក៏ជារឿងលេងសើចនោះទេ។ សមាជិក សមាជិកាគណបក្សភ្លើងទានគួរតែផ្ដាច់ខ្លួនឲ្យបានឆាប់បំផុតតាមតែអាចធ្វើទៅបាន ដើម្បីជៀសវាងនូវបញ្ហាណាមួយកើតឡើង»។
ជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី បាននិយាយកាលពីពេលថ្មីៗនេះដោយប្រមាថព្រះមហាក្សត្រថា «ស្តេចស្រុកខ្មែរគ្មានមនសិការជាតិសូម្បីតែបន្តិច» រួមទាំងបានចោទមកលើព្រះមហាក្សត្រថា បានឡាយព្រះហស្ថលេខាកាត់ទឹកដីឱ្យបរទេសថែមទៀតផង។ ការប្រមាថបែបនេះបង្កឲ្យមានប្រតិកម្មថ្កោលទោសពីសំណាក់រាជរដ្ឋាភិបាលនិងគ្រប់ក្រសួង ស្ថាប័ននានាផងដែរ។
នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីចែកគ្រាប់ពូជស្រូវដល់កសិករនៅខេត្តពោធិ៍សាត់ ដែលរងគ្រោះពីទឹកជំនន់ជាង ៥ពាន់នាក់ កាលពីថ្ងៃទី២៥ ខែតុលា បានជំរុញឱ្យពលរដ្ឋចូលរួមទប់ស្កាត់ និងប្រឆាំងដល់ក្រុមដែលប្រមាថព្រះមហាក្សត្រ។
សម្ដេចតេជោថា៖ «ទាំងព្រះសង្ឃទាំងគ្រហស្ត សូមងើបឈរឡើងប្រឆាំងទៅនឹងជនក្បត់ជាតិ ហើយនិងបក្សណាដែលផ្សារភ្ជាប់ជាមួយនឹងជនក្បត់ជាតិនេះ។ ដើម្បីធានាការពាររាជានិយម ការពាររាជបល្ល័ង្ក ការពារព្រះមហាក្សត្រ ការពារឯកភាពសន្តិភាពនៃទឹកដីរបស់យើង»៕
PHOTO: EAC NEWS