មន្ត្រីចរាចរណ៍៤រូបត្រូវបានដកសក្តិមួយកម្រិត និងបញ្ឈរជើង៣ខែ ដោយសារផាកពិន័យអ្នកបើកបរដែលគ្មានកំហុស
ភ្នំពេញ៖ មន្ត្រីចរាចរណ៍នៅគោលដៅស្តុបទន្លេបាសាក់ ផ្លូវម៉ៅសេទុងចំនួន៤រូប ត្រូវបានដកឋានន្តរសក្តិមួយកម្រិត និងបញ្ឈរជើងចំនួន៣ខែនៅការិយាល័យបុគ្គលិក ដោយសារតែប្រព្រឹត្តកំហុសលើការផាកពិន័យអ្នកបើកបររថយន្តដោយមិនចេញវិក្កយបត្រ ទាំងដែលអ្នកបើកបរគ្មានកំហុសទាល់តែសោះ។ ចំណាត់ការនេះធ្វើឡើងដើម្បីជាការព្រមានចំពោះការប្រព្រឹត្តកំហុសនេះ។
ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីមានវីដេអូឃ្លីបបង្ហាញសកម្មភាពមន្ត្រីចរាចរណ៍ទាំង៤រូបនោះហៅម្ចាស់រថយន្តនោះមកបង់ប្រាក់ផាកពិន័យ ផ្សព្វផ្សាយពេញបណ្តោញសង្គមហ្វេសប៊ុក។
តាមការផ្សាយព័ត៌មានរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពីឃើញវីដេអូឃ្លីបនោះ ស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានកោះហៅមន្ត្រីចរាចរណ៍ទាំង៤រូបនោះមកសួរនាំនៅការិយាល័យ។ ក្រោយពីបានសាកសួរនាំរួច មន្ត្រីទាំង៤រូប បានសារភាពកំហុស និងបានទទួលស្គាល់កំហុសដែលបានប្រព្រឹត្ត ដោយហៅអ្នកបើកបរធ្វើការផាកពិន័យ មិនចេញវិក្កយបត្រ ស្របពេលដែលអ្នកបើកបរមិនមានកំហុសទាល់តែសោះ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា៖ «ដោយទទួលបានបទបញ្ជា និងការឯកភាពពីឯកឧត្តមស្នងការ ផ្នែកវិន័យ នៃការិយាល័យបុគ្គលិក បានសម្រេចដកមន្ត្រីទាំង៤រូបនេះមកបញ្ឈរជើងរយ:ពេល៣ខែ បង្ហាញមុខជាប្រចាំរាល់ម៉ោងធ្វើការ នៅការិយាល័យបុគ្គលិក ធ្វើកិច្ចសន្យា ជាពិសេស មន្ត្រីដែលប្រព្រឹត្តកំហុសត្រូវបានដកឋានន្តរសក្តិមួយកម្រិត ( ដកមួយសក្តិ ) ដើម្បីជាការព្រមានចំពោះការប្រព្រឹត្តកំហុសនេះ»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ០៩:១៥នាទីព្រឹក នៅចំណុចគោលដៅស្តុបទន្លេបាសាក់ តាមបណ្តោយមហាវិថីម៉ៅសេទុង មានករណីផាកពិន័យពុំត្រឹមត្រូវ និងមិនចេញវិក្កយបត្រ ប្រព្រឹត្តដោយក្រុមមន្ត្រីនៅគោលដៅនោះ ទៅលើរថយន្តមួយគ្រឿងម៉ាក ISUZU ពណ៌ទឹកប្រាក់ ខណៈពេលអ្នកបើកបរពុំបានប្រព្រឹត្តល្មើសភ្លើងសញ្ញាចរាចរណ៍ឡើយ (ភ្លើងពណ៌បៃតង) ដោយមានភស្តុតាងជាវីដេអូកាមេរ៉ាភ្ជាប់នៅក្នុងរថយន្ត ពេលកំពុងបើកបរឆ្លងស្តុប។
លុះដល់ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ មានបែកសារជាសម្លេងទទួលកំហុសដែលលោកអនុសេនីយ៍ទោ ព្រំ ចាន់ដារ៉ា បានយកគណនីហ្វេសប៊ុករបស់លោកអនុសេនីយ៍ឯក ថាច ប៊ុនធឿន ផ្ញើសារទៅកាន់ម្ចាស់រថយន្ត ដើម្បីផ្ទេរប្រាក់ជូនវិញ និងស្នើសុំលុបវីដេអូដែលបានបង្ហោះក្នុងបណ្តាញសង្គម ប៉ុន្តែត្រូវបានម្ចាស់រថយន្តបដិសេធ។
សូមរំលឹកថា កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ អាជ្ញាធរក៏បានបញ្ឈរជើង មន្ត្រីចរាចរណ៍ម្នាក់ដែលប្រើប្រាស់ពាក្យសម្តី និងកាយវិការមិនសមរម្យ ជាមួយពលរដ្ឋដែលបើកបរល្មើសច្បាប់ ដោយត្រូវបានកោះហៅមកណែនាំអប់រំ ធ្វើកិច្ចសន្យា ដាក់វិន័យកងកម្លាំង និងដកយកមកបញ្ឈរជើង៕