អង់គ្លេស៖ កីឡាការិនីអាមរិក Serena William បានបោះបង់ចោលការប្រកួតវាយកូនបាល់ព្រឹត្តិការណ៍ Grand Slam: Wimbledon ត្រឹមជុំទី១តែម្តង បន្ទាប់ពីកីឡាការិនីរូបនេះជួបប្រទះបញ្ហារបួសដោយរអិលដួល នាការប្រកួតទល់នឹងកីឡាការិនី Aliaksandra Sasnovich នៅទីលាន Center Court។ គួររំឮកដែរថា សម្រាប់ទីលាន Center Court នេះក៏ធ្លាប់បណ្តាលឱ្យមានការប៉ះទង្គិចបង្កជារបួសដល់កីឡាករ Adrian Mannarino រហូតដល់បោះបង់ចោលការប្រកួតផងដែរ ក្នុងជំនួបទល់នឹង Roger Federer កន្លងមក។
ក្រោយការប៉ះទង្គិចភ្លាមៗ នាងបានព្យាយាមបន្តការប្រកួតទៀត ប៉ុន្តែយ៉ាងណាមិញក្រោយមកនាងបានសម្រេចលើកដៃបញ្ជាក់ថាមិនអាចបន្តការប្រកួតបានតែម្តង។ កន្លងមក កីឡាការិនី Serena William ក៏បានប្រកាសថានាងនឹងមិនចូលរួមក្នុងការប្រកួតព្រឹត្តិការណ៍អូឡាំពិកដែរ ហើយគោលដៅរបស់នាងក្នុងការចូលរួមក្នុងព្រឹត្តិការណ៍ Wimbledon នេះ គឺនាងមានបំណងចង់ឈ្នះពាន Grandslam ជាលើកទី២៤ ឱ្យស្មើនឹងកំណត់ត្រារបស់កីឡាការិនី Magaret Court។
Serena Williams ធ្លាប់ឈ្នះមេដាយមាសពីរគ្រឿងក្នុងព្រឹត្តិការណ៍អូឡាំពិកកាលពីឆ្នាំ២០១២ នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ទាំងវិញ្ញាសារឯកត្តជន និងវាយជាគូ ព្រមទាំងឈ្នះមេដាយមាសពីរគ្រឿងទៀតពីការប្រកួតអូឡាំពិក ទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី ឆ្នាំ២០០០ និងអូឡាំពិក ទីក្រុងប៉េកាំង ប្រទេសចិន នៅឆ្នាំ២០០៨៕