ពោធិ៍សាត់៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់សប្បុរជននានាដែលបានផ្តល់ថវិកា និងអង្ករសម្រាប់ជួយដល់ពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ជាហូរហែ។
ក្នុងឱកាសសំណេះសំណាលពលរដ្ឋរងគ្រោះទឹកជំនន់ជាង៥ពាន់នាក់នៅខេត្តពោធិ៍សាត់ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោបានថ្លែងអំណរគុណដល់សប្បុរជនដូច្នេះថា៖ «ខ្ញុំសូមអរគុណចំពោះសប្បុរសជននានាដែលបានផ្ដល់អង្ករ ឬថវិកា សម្រាប់ជួយរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហារបស់ប្រជាជនរបស់យើង»។
ជាមួយគ្នានេះសម្តេចក៏បានថ្លែងអំណរគុណចំពោះព្រះសង្ឃ និងសប្បុរជននានាដែលចុះទៅថ្វាយ និងផ្តល់ថវិកា និងអំណោយផ្សេងៗដល់ពលរដ្ឋដែលរងគ្រោះទឹកជំនន់ដោយផ្ទាល់ផងដែរ។
សម្តេចបានថែ្លងថា៖ «នេះហៅថា សិល្បៈ ឬវប្បធម៌នៃការចែករំលែក ដែលអ្នកមានលទ្ធភាពជួយទៅដល់អ្នកដែលខ្វះលទ្ធភាព នេះជាសណ្ដានចិត្តរបស់អ្នករកស៊ីមានបាន សម្រាប់ចែករំលែកទៅអ្នកក្រខ្សត់។ រាជរដ្ឋាភិបាលមិនទាន់ក្ស័យធននោះទេ ប៉ុន្តែការចូលរួមដល់មានតម្លៃនេះ គឺផ្តល់ឱកាសឱ្យរាជរដ្ឋាភិបាលមានលទ្ធភាពចាត់ចែងកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋរបស់យើង»។
នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ពលរដ្ឋដែលរងគ្រោះធម្មជាតិនៅខេត្តពោធិ៍សាត់កន្លងមកទទួលបានអង្ករដែលឧបត្ថម្ភដោយលោក ទ្រី ភាព ចំនួន ១៥០តោន ខណៈរាជរដ្ឋាភិបាលបានត្រៀមអង្ករចំនួន ៣០០តោនបន្ថែមទៀតសម្រាប់ឱ្យអាជ្ញាធរយកទៅចែកជូនពលរដ្ឋដែលរងគ្រោះក្នុងខេត្តនេះជាបន្តទៀត។
ជាមួយគ្នានេះលោក វេញ ហួរ ដែលមានស្រុកកំណើតក្នុងខេត្តពោធិ៍សាត់ក៏បានផ្តល់អង្ករចំនួន ១០០តោនជូនដល់រដ្ឋាភិបាលសម្រាប់យកទៅចែកជូនពលរដ្ឋរងគ្រោះទឹកជំនន់ផងដែរ។ បន្ថែមពីនេះកាលពីយប់ថ្ងៃទី២៤ខែតុលា រាជរដ្ឋាភិបាលក៏ទទួលបានអង្ករពីសប្បុរជនចំនួន ៥០០តោនទៀតពីម្ចាស់ក្រុមហ៊ុនជីបម៉ុង និងពីសប្បុរជននានា។
រាជរដ្ឋាភិបាលនឹងយកអំណោយជាអង្ករនោះទៅចែកជូនពលរដ្ឋរងគ្រោះទឹកជំនន់នៅក្នុងខេត្តបន្ទាយមានជ័យចំនួន ១០០តោន និង ១០០តោនទៀតសម្រាប់បន្តចែកជូនទៅឱ្យពលរដ្ឋរងគ្រោះទឹកជំនន់នៅខេត្តកំពង់ធំនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២។ ជាមួយគ្នានេះ អង្ករចំនួន ១០០តោនទៀត នឹងបន្តចែកជូនដល់ពលរដ្ឋរងគ្រោះក្នុងខេត្តកំពង់ឆ្នាំង ហើយសម្រាប់ពលរដ្ឋរងគ្រោះក្នុងខេត្តព្រៃវែង ក៏ទទួលបានអង្ករចំនួន ១០០តោនផងដែរនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២។
សម្តេចបានអះអាងថា សម្តេចមិនឱ្យគេនិយាយថា អាអត់ពូជ (សំដៅលើអត់ពូជស្រូវ) នោះទេ ហើយសម្តេចថា មិនឱ្យប្រជាជនដាច់ពោះស្លាប់ដោយសាររងគ្រោះទឹកជំនន់ផងដែរ។ ជាមួយគ្នានេះសម្តេចបានបង្គាប់ឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្ម រកវិធីសាស្ត្រ និងរូបមន្តក្នុងការផលិតពូជស្រូវ និងពូជដំណាំផ្សេងៗ ដើម្បីធានាថាមាន ពូជស្រូវ និងពូជដំណាំគ្រប់គ្រាន់សម្រាប់ចែកជូនដល់ពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ឱ្យស្របទៅតាមតំបន់នីមួយៗ៕






PHOTO: KOK KY

