ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជាចាប់ពីថ្ងៃទី២៦ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយតាមបណ្តារាជធានីខេត្តនឹងបន្តធ្លាក់ភ្លៀងពីកម្រិតតិចទៅច្រើន ហើយលាយឡំនឹងផ្គរ និងរន្ទះ។
បណ្តារាជធានី-ខេត្តដែលស្ថិតនៅក្នុងតំបន់ទំនាបកណ្តាលនៃផ្នែកខាងក្រោមនឹងអាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅមធ្យម ក្នុងនោះផ្នែកខ្លះ អាចមានភ្លៀងធ្លាក់បង្គួរ ដោយអន្លើរ លាយឡំទៅដោយផ្ទរ រន្ទះ។ សីតុណ្ហភាពអប្បបរមា មានពី ២២-២៤អង្សា និងសីតុណ្ហភាពអតិបរមា មានពី ២៩-៣១អង្សា។
តំបន់ខ្ពង់រាបនឹងអាចមានភ្លៀង ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ។ សីតុណ្ហភាពអប្បបរមា មានពី ២១-២៣អង្សា និងសីតុណ្ហភាពអតិបរមា មានពី ២៩-៣១អង្សា។
ចំពោះនៅតំបន់មាត់សមុទ្រវិញ នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ និងរន្ទះ។ សីតុណ្ហភាពអប្បបរមា មានពី ២២-២៤អង្សា និងសីតុណ្ហភាពអតិបរមា មានពី ២៩-៣១អង្សា។
ស្ថានភាពនេះនឹងកើតឡើងដោយសារកម្ពុជាទទួលរងឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ពីភាគខាងជើងនៃប្រទេសចិន ដែលបានលាតសន្ធឹងចុះមកក្រោមលើប្រទេសកម្ពុជា ប្រសព្វនិងសម្ពាធទាបពីសមុទ្រចិនខាងត្បូង។ ទន្ទឹមនោះខ្យល់ក៏បានប្តូរទិសជាបណ្តើរៗ៕