ពោធិ៍សាត់៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ទទួលបានរបាយការណ៍ពីក្រសួងសុខាភិបាល ដែលចេញផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ថា រយៈពេល ៥ថ្ងៃហើយដែលកម្ពុជាគ្មានអ្នកឆ្លងជំងឺកូវីដ-១៩ ពោលចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២។
ថ្លែងក្នុងពិធីជួបសំណេះសំណាលពលរដ្ឋដែលរងគ្រោះទឹកជំនន់នៅក្នុងខេត្តពោធិ៍សាត់ ជាង៥ពាន់នាក់ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ កន្លងមកកម្ពុជាធ្លាប់គ្មានអ្នកឆ្លងជំងឺកូវីដ-១៩ រយៈពេល ៥២ថ្ងៃ ខណៈបច្ចុប្បន្នមានរយៈពេល ៥ថ្ងៃដែលកម្ពុជាគ្មានអ្នកឆ្លង។
សម្តេចតេជោ បានថ្លែងថា កម្ពុជាគ្មានអត្រាឆ្លងជំងឺកូវីដ-១៩ គឺដោយសារតែមានការចូលរួមពីពលរដ្ឋដែលនាំគ្នាពាក់ម៉ាស់ និងបន្តអនុវត្តវិធានការសុខាភិបាល។ ការណ៍នេះហើយបានធ្វើឱ្យកម្ពុជាអាចបើកសាលារៀនឡើងវិញ បើកប្រទេស បើកសេដ្ឋកិច្ច និងធ្វើអី្វៗឡើងវិញ។
សម្តេចតេជោបានថ្លែងថា៖ «កូវីដ-១៩ផង គ្រោះមហន្តរាយដោយទឹកជំនន់ផង វាបង្កការលំបាកដល់យើង ក៏ប៉ុន្តែដោយសារយើងរួមគ្នា មានសន្តិភាព មានស្ថេរភាពនយោបាយ ទើបយើងអាចជម្នះបាននូវការលំបាកនេះ»៕
PHOTO: KOK KY