បាត់ដំបង៖ ប្រជាពលរដ្ឋខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ បានសម្ដែងសេចក្ដីសោមនស្សរីករាយ និងអរគុណចំពោះនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន សម្រាប់ការផ្ដល់ជាអំណោយ និងគ្រាប់ពូជដើម្បីយកទៅស្តារលទ្ធភាពដាំដុះឡើងវិញ ក្រោយពេលដែលទឹកជំនន់បានស្រកចុះ។
ជាពលរដ្ឋរស់នៅភូមិគោក ឃុំអំពិល៥ដើម ស្រុកបវេល ខេត្តបាត់ដំបង អ្នកស្រី ណុប ធារី ឱ្យដឹងថា នៅតំបន់អ្នកស្រីគឺត្រូវបានទទួលរងផលប៉ះពាល់ពីគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ដែលធ្វើឱ្យស្រូវត្រូវបានលិចលង់ស្ទើរតែទាំងស្រុង។ យ៉ាងណាមិញ នៅថ្ងៃនេះ អ្នកស្រីបានបង្ហាញពីអារម្មណ៍រីករាយសប្បាយចិត្ត ក៏ដូចជាអរគុណដល់នាយករដ្ឋមន្ត្រី ដែលបានផ្ដល់នូវអំណោយ និងគ្រាប់ពូជជូនប្រជាពលរដ្ឋដែលទើបរួចផុតពីគ្រោះទឹកជំនន់។
អ្នកស្រីថា៖ «អរគុណខ្លាំងណាស់! ធំធេងណាស់ អត់ដឹងរកពាក្យអ្វីនិយាយឃើញនោះទេ។ ជួបលើកទីមួយហើយ ខ្ញុំមិនដែលជួបផ្ទាល់អ៊ីចឹងទេ ឃើញតែក្នុងទូរទស្សន៍ បានជួបគាត់ត្រេកអរហ្មង!»។
ជាមួយគ្នា លោក សយ ភឿត អាយុ ៦២ឆ្នាំ ដែលជាកសិករមកពីស្រុកបវេលដូចគ្នា ឱ្យដឹងថា រយៈពេលជាង១ខែកន្លងមកនេះ ផ្ទៃដីដាំដុះស្រូវរបស់គាត់ចំនួន៣ ក្នុងចំណោម៥ហិកតា ត្រូវបានទទួលរងផលប៉ះពាល់ដោយខូចខាតស្ទើរទាំងស្រុង ។ ប៉ុន្តែយ៉ាងណា លោកថា អំណោយ និងពូជស្រូវដែលសម្ដេចតេជោបានផ្ដល់ឱ្យគឺជាការចូលរួមចំណែកមួយក្នុងការរំលែកទុក្ខធុរៈរបស់ប្រជាពលរដ្ឋបន្ទាប់ពីរងគ្រោះទឹកជំនន់។ ក្នុងនោះ លោកក៏បានសម្ដែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានគិតគូរយកចិត្តទុកដាក់ផងដែរ។
លោកថា៖ «មានអារម្មណ៍ថា សប្បាយ! ជួយរំលែកទុក្ខបានខ្លះ [ការផ្ដល់ជូនអំណោយ និងពូជស្រូវ] មួយរយៈតូច គ្រាន់តែអរគុណសម្ដេចដែរ អរគុណសម្ដេចច្រើនដែលបានជួយរំលែកទុក្ខដល់ប្រជាជនដែលខ្វះខាត»។
បុរសវ័យ ៦២ឆ្នាំរូបនេះបន្ថែមថា លោកនឹងយកពូជស្រូវដែលបានមក ទៅធ្វើសាបបន្តទៀត ព្រោះវាមានជាតិទឹកដែរ។ ក្នុងនោះ លោកថា វាត្រូវចំណាយពេល៣ខែ ឫលើសពីនេះ ដើម្បីអាចធ្វើការប្រមូលទិន្នផលបាន ដោយវាទៅតាមពូជស្រូវដែរ។
អ្នកស្រី ហ៊ីង អាយុ ៤២ឆ្នាំ ឱ្យដឹងថា គាត់ក៏ជាពលរដ្ឋរងគ្រោះនៅស្រុកបរវេលដែរ ដោយផ្ទៃដីដាំស្រូវ និងដាំដំឡូងជាង ១០ហិកតា ត្រូវបានទទួលរងការខូចខាតទាំងស្រុង ក្នុងនោះមិនទើបតែឆ្នាំនេះនោះទេ ប៉ុន្តែអ្នកស្រីត្រូវបានជួបផលលំបាកពីការលិចលង់ដោយជំនន់ទឹកភ្លៀងអស់រយៈពេល៣ឆ្នាំមកហើយ។ យ៉ាងណា បន្ទាប់ពីទទួលបានគ្រាប់ពូជនេះអ្នកស្រីថា នឹងយកវាទៅទៅដាំដុះឡើងវិញពេលទឹកស្រក។
អ្នកស្រីថា ៖ «ខ្ញុំត្រេកអរៗ! [..] ចា! អាចដូចថា ដល់ពេលនេះ (ទឹកស្រក) អាចធ្វើឡើងវិញតបាន។»
ពលរដ្ឋរស់នៅស្រុកបវេលមួយរូបទៀត ឈ្មោះ ឈឹម ជួន អាយុ ៥៨ឆ្នាំ ឱ្យដឹងថា ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគ្រោះទឹកជំនន់ និងទទួលរងការខូចដំណាំស្រូវធ្ងន់ធ្ងរ គឺភាគច្រើនសុទ្ធសឹងតែជាអ្នករស់នៅក្នុងតំបន់នេះ។ លោកបន្ថែមថា ផលប៉ះពាល់ដែលពលរដ្ឋ ជួបប្រទះ គឺការលិចលង់នូវស្រូវដែលទើបនឹងព្រួស ប៉ុន្តែលោកថានឹងនៅតែប៉ុន្តែធ្វើទៀត។
ត្រលប់មកអ្នកស្រី ណុប ធារី វិញឱ្យដឹងថា ទោះបីជាទឹកជំនន់បានធ្វើឱ្យដីស្រែគាត់បានលិចលង់មួយរយៈមកនេះ និងធ្វើឱ្យគាត់ជួបផលលំបាកក៏ពិតមែន ប៉ុន្តែអ្នកស្រីនឹងមិនបោះបង់ចោលវាឡើយ។
អ្នកស្រីថា៖ «អត់បោះបង់ចោលទេ (ដាំដុះស្រូវ) នៅតែតស៊ូហ្នឹង!អ្នកខ្លះក៏គាត់ព្រួសទៅ បើខ្ញុំវិញខ្ញុំដកស្ទូងខ្លះ ជួនកាលក៏ខ្ញុំធ្វើមិនទាន់ខ្ញុំព្រួសទៅ»។
គួរឱ្យដឹង សេចក្ដីសោមនស្សសប្បាយរីករាយរបស់ប្រជាពលរដ្ឋ គឺបន្ទាប់ពីនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃនេះ បានផ្ដល់ជាអំណោយ និងពូជស្រូវដល់ពួកគាត់ ខណៈពេលដែលពលរដ្ឋភាគច្រើនបានលើកឡើងស្រដៀងគ្នាពីទុក្ខលំបាកដែលខ្លួនបានជួបប្រទះ កំឡុងពេលរងគ្រោះដោយសារទឹកជំនន់ ដែលធ្វើឱ្យលិចលង់ដីស្រែចម្ការទើបនឹងព្រួស ក៏ដូចជាបញ្ហាហិរញ្ញវត្ថុដែលបានជំពាក់ធនាគារ។ ប៉ុន្តែយ៉ាងណា ប្រជាពលរដ្ឋទាំងអស់នៅតែរក្សាជំហរនឹងមិនបោះបង់ចោលការធ្វើស្រែចម្ការដាំដុះដំណាំនោះឡើយ។
ថ្លែងក្នុងពិធីចែកពូជស្រូវនិងស្បៀងជូនពលរដ្ឋជាង ១ម៉ឺនគ្រួសារក្នុងខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ នាយករដ្ឋមន្រ្តី សម្ដេចតេជោ ហ៊ុន សែន ឱ្យដឹងថា គិតត្រឹមថ្ងៃនេះ គ្រាប់ពូជស្រូវជាង ៧ពាន់តោនត្រូវបានបញ្ជូនទៅចែកជូនប្រជាពលរដ្ឋ។ ក្នុងនោះ ខេត្តចំនួន២០ ក្នុងចំណោម២៥ បានរងគ្រោះដោយជំនន់ទឹកភ្លៀងដែលមានមួយចំនួនរងគ្រោះធ្ងន់ធ្ងរ។
ទោះយ៉ាងនេះក្ដី នាយករដ្ឋមន្ត្រីនៅតែបន្ត លើកទឹកចិត្តដល់ពលរដ្ឋរងគ្រោះដោយបញ្ហាទឹកជំនន់កុំឱ្យចុះចាញ់ទៅនឹងការលំបាកដោយព្យាយាមដោះស្រាយបញ្ហា ខណៈគណៈរដ្ឋាភិបាលត្រូវចូលរួមក្នុងការលើកទឹកចិត្ត និងរកដំណោះស្រាយដល់ពលរដ្ឋដូចគ្នា។
ទាក់ទិននឹងបញ្ហានេះ សម្ដេចតេជោ កាលពីព្រឹកដដែលនេះ បានរំលឹកដល់រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ឌិត ទីណា ឲ្យរកវិធីសាស្ត្រផលិតពូជស្រូវក្នុងស្រុក និងជំរុញឱ្យវិស័យឯកជនចូលរួមក្នុងការចងក្រងកសិករក៏ដូចជារៀបចំជួយដោះស្រាយនូវបញ្ហានេះផងដែរ។
យ៉ាងណាមិញ បន្ទាប់ពីទទួលបានបញ្ជាពីនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ឌិត ទីណា បានចាត់បញ្ជូនអគ្គនាយកកសិកម្មនៃក្រសួង លោក ងិន ឆាយ ចុះស្វែងយល់ពីបញ្ហារបស់កសិករក្នុងខេត្តបាត់ដំបងដើម្បីជួយស្វែងរកដំណោះស្រាយដល់ប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា ភូមិសាស្ត្រខេត្តបាត់ដំបង បានជួបប្រទះជំនន់ទឹកភ្លៀង ដែលធ្វើឱ្យប៉ះពាល់ដល់ ១៤ ក្រុង/ស្រុក (លើ ៩១ឃុំសង្កាត់ និង៥០២ភូមិ)។ ជាមួយគ្នា វាបានប៉ះពាល់ដល់ប្រជាជន សរុបចំនួន ២៩ ៣៨៤គ្រួសារ ក្នុងនោះ បានជម្លៀសប្រជាជនមកទីទួលសុវត្ថិភាពចំនួន ១ ០៥១គ្រួសារ និងធ្វើឲ្យប៉ះពាល់ដល់ផ្ទះសម្បែង សរុប ២៩ ៣៨៤ខ្នង ខូចខាត ៣២ខ្នង ប៉ះពាល់សាលារៀន ៧៦កន្លែង មណ្ឌលសុខភាព ៦កន្លែង វត្ត ១៩កន្លែង និងអគាររដ្ឋបាលសាធារណៈ ៤កន្លែង៕