ភ្នំពេញ៖ អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឱ្យដឹងថា សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនបរទេសចំនួន ២៦៣នាក់មកពីប្រទេសចំនួន៤ ដែលបានឆ្លងដែនខុសច្បាប់ គ្មានលិខិតឆ្លងដែន និងស្នាក់នៅធ្វើការងារខុសច្បាប់ ដោយជនទាំងនោះត្រូវបានបណ្ដេញចេញនិងហាមឃាត់មិនឱ្យចូលកម្ពុជារយៈពេល ៣ឆ្នាំ។
សេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឲ្យដឹងថា គិតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ ជនបរទេសចំនួន ២៦៣នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនពាក់ព័ន្ធនឹងបទល្មើសលួចឆ្លងដែនខុសច្បាប់ គ្មានលិខិតឆ្លងដែន និងស្នាក់នៅធ្វើការងារខុសច្បាប់ ដែលល្មើសនឹងច្បាប់ស្តីពីអន្តោប្រវេសន៍ ដោយត្រូវធ្វើការបណ្ដេញចេញតាមប្រកាសរបស់ក្រសួងមហាផ្ទៃ និងហាមឃាត់មិនឱ្យចូលប្រទេសកម្ពុជា រយៈពេល ៣ឆ្នាំ។
គួរឱ្យដឹងថា ជនបរទេសសរុបចំនួន ២៦៣នាក់ រួមមាន ជនជាតិបង់ក្លាដេស ០២នាក់ ជនជាតិថៃ ១៦នាក់ ជនជាតិចិន ៧៤នាក់ (តៃវ៉ាន់ ៩នាក់) និងវៀតណាមចំនួន ១៧១នាក់ ត្រូវបានសមត្ថកិច្ចចាត់បញ្ជូន និងបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ និងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងត្រពាំងផ្លុង៕