បាត់ដំបង៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រាប់ឱ្យពលរដ្ឋត្រូវរួមគ្នាខិតខំការពារសន្តិភាពដើម្បីការពារបូរណភាពទឹកដី។
ថ្លែងក្នុងពិធីចែកពូជស្រូវដល់ពលរដ្ឋនៅបាត់ដំបងដែលរងគ្រោះដោយទឹកជំនន់ ចំនួន ១១ ៥២៨ គ្រួសារនៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ បានលើកឡើងថា បច្ចុប្បន្នកម្ពុជាស្ថិតក្នុងសម័យមានសន្តិភាព។
សម្តេចតេជោបានថ្លែងថា៖ «សម័យនេះសម័យសន្តិភាព ដែលមុននេះពោរពេញទៅដោយសង្រ្គាម ប៉ុន្តែឥឡូវនេះពោរពេញទៅដោយសន្តិភាពកើតមាននៅទូទាំងប្រទេស។ ចេញមកម៉ោង១ ម៉ោង២ គេបាញ់គ្នា ឥឡូវអត់មានគេបាញ់គ្នាទេ»។
នាយករដ្ឋមន្ត្រីកម្ពុជាបានអំពាវនាវឱ្យពលរដ្ឋ ត្រូវខិតខំរួមគ្នាការពារសន្តិភាពនេះឱ្យខាងតែបាន ទោះបីដោយតម្លៃណាក៏ដោយ។ ដើម្បីធានាថាមានសន្តិភាព សម្តេចតេជោបានអំពាវនាវដល់ពលរដ្ឋត្រូវតែបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា ហើយសម្តេចសង្ឃឹមថា ពលរដ្ឋនឹងបោះឆ្នោតឱ្យគណបក្សប្រជាជនបន្តកាន់អំណាចជាបន្តទៀត។
សម្តេចបានមានប្រសាសន៍ថា៖ «គណបក្សប្រជាជនកាន់អំណាច គណបក្សប្រជាជនមានលទ្ធភាពរក្សាសន្តិភាពបានសម្រាប់ការពារជីវិតបងប្អូន»៕
PHOTO: ហ៊ុន យុទ្ធគុណ