នាយករដ្ឋមន្ត្រីបញ្ជាឲ្យក្រសួងសុខាភិបាលបញ្ជូនកុមារីកើតជំងឺអូទីហ្សឹមកម្រិតធ្ងន់ធ្ងរម្នាក់ទៅព្យាបាល
សៀមរាប៖ ដោយក្តីអាណិតអាសូរស្ត្រីជាម្ដាយបានពរកូនកើតជំងឺអូទីហ្សឹមកម្រិតធ្ងន់ធ្ងរម្នាក់មកចូលរួមក្នុងកម្មវិធីកាលពីព្រឹកថ្ងៃទី២២ ខែតុលានេះ នាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យរដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្តិ ចាត់ចែងភ្លាមៗក្នុងការបញ្ជូនកុមារីមានជំងឺទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ព្រមទាំងបានផ្តល់ជាថវិកាមួយចំនួនធំសម្រាប់ដោះស្រាយជីវភាពផងដែរ។
ការបញ្ជានេះធ្វើឡើងក្រោយចប់ពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ៣ ២០០គ្រួសារ ដែលបានផ្លាស់ប្ដូរទីលំនៅពីតំបន់រមណីយដ្ឋានអង្គរ មកកាន់តំបន់ពាក់ស្នែង។
កុមារី កើតជំងឺអូទីហ្សឹមកម្រិតធ្ងន់ធ្ងរនេះ មានឈ្មោះ ដន គ្រីស្ទីនរ៉ូសាណា អាយុ ៩ឆ្នាំ ។ ម្តាយកុមារីរូបនេះឱ្យដឹងថា កូនរបស់គាត់ ពេលមានអាយុ ១ខែ ៣ថ្ងៃ មានអាការៈមិនប្រក្រតី ហើយម្តាយបាននាំទៅទទួលសេវាព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប តែមិនបានប្រសើរ ដល់កុមារអាយុរហូតដល់ ២ឆ្នាំ ទើបទៅទទួលសេវាព្យាបាលនៅកុមារអង្គរ។
រដ្ឋលេខាធិការលោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថា ក្រុមគ្រូពេទ្យនឹងខិតខំជួយសង្គ្រោះជីវិតកុមារីរូបនេះឱ្យអស់ពីលទ្ធភាព៕