ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានកត់សម្គាល់ពីការរកឃើញវត្ថុបុរាណដែលបានផុសចេញពីដី និងកាយឃើញជាបន្តបន្ទាប់នៅតំបន់អង្គរ ដែលអាចទាក់ទងនឹងជំនឿអ្នកថែរក្សាអង្គរបង្ហាញឱ្យឃើញ។
ថ្លែងក្នុងពីធីជួបជាមួយពលរដ្ឋដែលយល់ព្រមផ្លាស់ទីលំនៅទៅតំបន់ពាក់ស្នែង ខេត្តសៀមរាប ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន ថាការរកឃើញនេះអាចមកពីការទប់ស្កាត់ចោរលួចវត្ថុបុរាណដែលមានប្រសិទ្ធិភាពនៅកម្ពុជា។
នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះវត្ថុបុរាណជាបន្តបន្ទាប់ត្រូវបានរកឃើញផុសចេញពីដី និងកាយរកឃើញនៅតំបន់អង្គរ។ កាលពីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ក្រុមមន្ត្រីនៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញបំណែកព្រះកេសអសុរាធ្វើពីថ្មបុរាណចំនួនមួយ ក្រោយចុះរៀបចំសណ្តាប់ធ្នាប់ទីតាំងអតីតតូបលក់ដូររបស់អាជីវករនៅមុខខ្លោងទ្វារចូលក្រុងអង្គរធំនាប៉ែកខាងកើតនៃស្ពានទន្លេអុំ ឱ្យល្អប្រសើរឡើងវិញ។
ប្រធានក្រុមការងារចុះបញ្ជីវត្ថុសិល្បៈ របស់នាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យានៃ អាជ្ញាធរជាតិអប្សរា លោកឈូក សុម៉ាឡា ឱ្យដឹងថា ទីតាំងដែលរកឃើញបំណែកព្រះកេសអសុរានេះ គឺជាអតីតកន្លែងតូបលក់ដូរវត្ថុអនុស្សាវរីយ៍របស់អាជីវករដែលស្ថិតនៅផ្នែកខាងកើតនៃខ្លោងទ្វារទន្លេអុំ។ ក្រោយពីផ្លាស់ប្តូរតូបលក់ដូរទៅទីតាំងចំណតថ្មី មុខភ្នំបាខែង ក្រុមការងារក៏បានចុះទៅសម្អាតទីតាំងចាស់នោះ ឱ្យមានសណ្តាប់ធ្នាប់ល្អប្រសើរឡើងវិញ ហើយក៏បានប្រទះឃើញបំណែកព្រះកេសអសុរាទាញព្រ័ត្រនេះ៕
PHOTO: ហ៊ុន យុទ្ធគុណ