ភ្នំពេញ: នៅរសៀលថ្ងៃអង្គារ ទី២៩ ខែមិថុនា ឆ្នាំ២០២១ នាយករដ្ឋមន្រ្តីកម្ពុជាសម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាមេដឹកនាំគណបក្សប្រជាជនកម្ពុជាបានអញ្ជើញចូលរួមជាមួយកិច្ចប្រជុំតុមូលជាមួយសមភាគីនយោបាយក្នុងតំបន់នាឱកាសប្រារព្ធខួបលើកទី៣០នៃភាពជាដៃគូសន្ទនាអាស៊ាន-រុស្ស៊ី។ នាយករដ្ឋមន្រ្តីរុស្ស៊ីលោក ឌីមីទ្រីមេដវេឌេវ តំណាងឲ្យសហព័ន្ធរុស្ស៊ីនៅក្នុងកិច្ចពិភាក្សានៅថ្ងៃអង្គារនេះតាមសមត្ថភាពរបស់លោកក្នុងនាមជាប្រធានគណបក្សរួបរួមរុស្ស៊ី។
នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា “ប្រទេសកម្ពុជាសង្ឃឹមថាគណបក្សនយោបាយទាំងឡាយរបស់អាស៊ាន និងរុស្ស៊ី នឹងដោះស្រាយឧបសគ្គជាមួយគ្នា និងបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើតឡើងនូវពិភពលោកមួយ ដែលល្អជាងមុនសម្រាប់មិត្តភាព, កិច្ចសហប្រតិបត្តិការ, សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
សម្តេចនាយករដ្ឋមន្រ្តីបានបន្តថា ប្រទេសកម្ពុជាមានមោទនភាពចំពោះកិច្ចសហប្រតិបត្តិការរឹងមាំនិងរីកចម្រើនដែលបានធ្វើឡើងរវាងប្រទេសរុស្ស៊ីនិងអាស៊ានដោយបញ្ជាក់ថាប្រទេសរុស្ស៊ីគឺជាដៃគូសំខាន់ក្នុងការថែរក្សាសន្តិភាពសន្តិសុខនិងស្ថិរភាពនៅក្នុងតំបន់” ។ ជាមួយគ្នានេះ រុស្សុី គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់អាស៊ាន ដែលស្ថិតក្នុងលំដាប់ទី៨។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ចាក់ថា យើងត្រូវផ្តោតលើកិច្ចការចំពោះមុខដែលចាំបាច់បំផុត ពោលគឺការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ យើងត្រូវចាត់ទុកកិច្ចការនេះជាបេសកកម្មរួមរបស់មនុស្សជាតិ ដើម្បីជួយសង្គ្រោះអាយុជីវិតប្រជាជនពីការរាតត្បាតនៃជំងឺដ៏សាហាវនេះ ហើយយើងក៏គួរចៀសវាងនូវរាល់ផលរំខានផ្នែកនយោបាយទាំងឡាយណាដែលអាចកើតមានឡើង។
សម្តេចនាយករដ្ឋមន្រ្តីកម្ពុជាសង្ឃឹមយ៉ាងថា ប្រទេសរុស្ស៊ី និងអាស៊ានអាចធ្វើការរួមគ្នាជាធ្លង់មួយក្នុងការសម្រេចបាននូវគោលបំណងតាមរយៈការជំរុញលំហូរពាណិជ្ជកម្ម, វិនិយោគ និងទេសចរណ៍រួមទាំងសកម្មភាពផ្សេងៗទៀត។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការចូលរួមរបស់រុស្ស៊ី ជាមួយនឹងអាស៊ាន ជាពិសេសលើការគាំទ្រការអនុវត្តយុទ្ធសាស្ត្រទាំង៥ នៃក្របខ័ណ្ឌការស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន (ASEAN Comprehensive Recovery Framework – ACRF)។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថា “យើងត្រូវពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់យើងឱ្យបានទ្វេដង ក្នុងការលើកកម្ពស់ប្រព័ន្ធអន្តរ-ជាតិមួយដែលមានអង្គការសហប្រជាជាតិជាស្នូល (UN-Centered International System) និងការស្ថាបនាឡើងនូវនិមាបនកម្មតំបន់ ដែលមានភាពបើកចំហ, យុត្តិធម៌, ស្ថិរភាពនិងភាពអាចប៉ាន់ប្រមាណបាន នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយផ្អែកលើគោលការណ៍នៃការគោរព និងយោគយល់គ្នាទៅវិញទៅមក, ការមិនជ្រៀតជ្រែក និងកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ។
សម្តេចបានបញ្ជាក់ជាថ្មីម្តងទៀតនូវការប្រកាន់ខ្ជាប់ទាំងស្រុងរបស់យើងចំពោះគោលនយោបាយមជ្ឈភាពអាស៊ាន ដែលជាគោលការណ៍មិនអាចខ្វះបាន ក្នុងការជំរុញទំនាក់ទំនងការទូតពហុភាគីនៅក្នុងតំបន់នេះ។
កាលពីសប្តាហ៍មុន ក្នុងដំណើរទស្សនកិច្ចមកកាន់ទីក្រុងភ្នំពេញរដ្ឋមន្រ្តីក្រសួងការបរទេសអង់គ្លេស លោក ដូមីនិក រ៉ាអាប់ បានស្នើសុំកម្ពុជាដែលនឹងត្រូវធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយ ដើម្បីអនុញ្ញាតិឱ្យអង់គ្លេសធ្វើជាដៃគូសន្ទនាទី១១ របស់អាស៊ាន ដែលសំណើនេះត្រូវបានអនុម័តយល់ព្រមរួចហើយ៕