ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សោកនាដកម្មប្រជៀតគ្នាយកអាំងប៉ាវនៅភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ និង៦នាក់ទៀតរងរបួស មុនថ្ងៃចូលឆ្នាំចិន | UPDATE: ចំនួនអ្នកស្លាប់ពីការប្រជ្រៀតយកអាំងប៉ាវ កើនឡើងដល់៤នាក់ ខណៈអ្នកស្លាប់នឹងទទួលថវិកាម្នាក់១៥លានរៀល និងអ្នករបួស ៤លានរៀល | ទស្សនាការផ្សាយផ្ទាល់៖ ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន |

អ្នកដែលកាន់អត្តសញ្ញាណប័ណ្ណជិតហួសសុពលភាព ឬបាត់អាចទៅធ្វើថ្មីនៅតាមឃុំ-សង្កាត់

ភ្នំពេញ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ បានប្រកាសឱ្យពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរហួសសុពលភាព ឬនៅសល់តិចជាង ឬត្រឹមរយៈពេល ៩០ថ្ងៃ អាចមកបំពេញបែបបទប្តូរយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី។

ពលរដ្ឋអាចមកបំពេញបែបបទថ្មី នៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ឬអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ឬច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ ឬស្នងការដ្ឋាននគរបាលរាជធានី-ខេត្តនៃលំនៅឋានរបស់ខ្លួន ឬនៅនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឬទីតាំងមួយទៀតនៅទីស្នាក់ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រចាំនៅផ្សារទំនើបអ៊ីអនម៉ល២ សែនសុខ។

តាមសេចក្តីប្រកាសដដែល ពលរដ្ឋមុននឹងមកបំពេញបែបបទថ្មី ត្រូវយកមកតាមនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីដែលអស់សុពលភាព ឬសុពលភាពនៅសល់តិចជាង ឬត្រឹមរយៈពេល ៩០ថ្ងៃ និងឯកសារសំអាងករណីមានការផ្លាស់ប្តូរទិន្នន័យ។

អ្នកនាំពាក្យគ.ជ.ប លោក ហង្ស ពុទ្ធា បានថ្លែងបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន EAC ថា ពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២២ តែដល់ពេលជិតបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ អត្តសញ្ញាណប័ណ្ណហួសសុពលភាព គឺមិនមានសិទ្ធិបោះឆ្នោតឡើយ។ មានសិទ្ធិបោះឆ្នោត ទាល់តែពលរដ្ឋទៅធ្វើអត្តសញ្ញាណប័ណ្ណថ្មី។ ប៉ុន្តែប្រសិនជាមិនទាន់ទទួលបានអត្តសញ្ញាណប័ណ្ណទាន់ពេលវេលាទេ មុនមួយខែបោះឆ្នោត ពលរដ្ឋអាចទៅស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោតឆ្នាំ២០២៣។

បើតាមអ្នកនាំពាក្យ គ.ជ.ប ដើម្បីទទួលបានឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោតឆ្នាំ២០២៣ ពលរដ្ឋត្រូវទៅជួបគណៈកម្មាធិការឃុំសង្កាត់រៀបចំការបោះឆ្នោតដើម្បីស្នើសុំការបោះពុម្ពចេញពីក្នុងបញ្ចីបោះឆ្នោតដែលជាឯកសារ គ.ជ.ប រៀបចំទុករួចជាស្រេច ដើម្បីយកឯកសារនោះទៅបញ្ជាក់នៅមេឃុំ ចៅសង្កាត់ គឺអាចនឹងប្រើប្រាស់សម្រាប់បោះឆ្នោតបានហើយ។

ចំពោះពលរដ្ឋដែលបានបាត់អត្តសញ្ញាណប័ណ្ណ អាចស្នើសុំធ្វើម្តងទៀតនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ដែលនៅក្បែរពលរដ្ឋរស់នៅ។ លោកបានថ្លែងថា៖«ខាងនគរបាលប៉ុស្តិ៍លោកនឹងផ្តល់ព័ត៌មានអំពីវិធីនៃការធ្វើអត្តសញ្ញាណប័ណ្ណថ្មីបាន»។

អ្នកនាំពាក្យគ.ជ.ប បន្តថា ក្នុងករណីធ្វើអត្តសញ្ញាណប័ណ្ណថ្មីមិនទាន់ទេ ពលរដ្ឋក៏អាចស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោតឆ្នាំ២០២៣ ផងដែរ។

លោកបានបញ្ជាក់ថា មានពលរដ្ឋប្រមាណជាង ១០លាននាក់ដែលគ្រប់អាយុសម្រាប់ចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០២៣ ខណៈគ.ជ.ប ប៉ាន់ស្មានថា អាចមានពលរដ្ឋប្រមាណ ៤០ម៉ឺននាក់ដែលនឹងមកចុះឈ្មោះបោះឆ្នោតក្នុងរយៈពេល ៥០ថ្ងៃរាប់ចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក