សៀមរាប៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ នេះក្នុងដំណើរទស្សនកិច្ចទៅកាន់ខេត្តសៀមរាបបានជ្រាបថាមកជួបសំណេះសំណាលជាមួយនឹងមន្ត្រីក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធនៅក្នុងខេត្តសៀមរាបដើម្បីសំណេះសំណាលក៏ដូចជាលើកទឹកចិត្តដល់ពួកគេក្នុងការបម្រើការងារជូនប្រជាពលរដ្ឋផងដែរ។
ជំនួបនេះធ្វើឡើងនៅសណ្ឋាគារសុខាអូតែលខេត្តសៀមរាបដែលមានមន្ត្រីចូលរួមប្រមាណជាង ២ពាន់នាក់។
សម្ដេចតេជោបានសរសេរនៅលើហ្វេសប៊ុកផេករបស់សម្ដេចនារសៀលថ្ងៃទី២១ ខែតុលានេះផងដែរថា៖ «បេសកកម្មថ្ងៃទីមួយដោះស្រាយបញ្ហានៅខេត្តសៀមរាបផងនិងខេត្តកំពង់ធំផង ព្រមទាំងកិច្ចការរដ្ឋផ្សេងទៀត។ បន្តិចទៀតជួបមន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធនៅខេត្តសៀមរាប»។
ថ្លែងនៅក្នុងពិធីជួបសំណេះសំណាលជាមួយពលរដ្ឋនៅភូមិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាបព្រឹកនេះ សម្ដេចតេជោបានសុំទោសជាមុនដល់សមាជិកនៃគណបក្សដទៃព្រោះថាជំនួបនេះគឺសម្ដេចមានបំណងជួបជាមួយនឹងមន្ត្រីរាជការនៃសមាជិកគណបក្សប្រជាជនតែប៉ុណ្ណោះ៕
PHOTO: EAC NEWS