សៀមរាប៖ នាយករដ្ឋមន្ត្រីកម្ពុជាបង្ហាញអារម្មណ៍ត្រេកអរនៅពេលដែលកម្ពុជាគ្មានអត្រាឆ្លងជំងឺកូវីដ-១៩ ក្នុងរបាយការណ៍របស់ក្រសួងសុខាភិបាលនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ដែលចេញផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយពលរដ្ឋជាលើកទី៣ ដែលស្ម័គ្រចិត្តរើលំនៅឋានពីតំបន់រមណីយដ្ឋានអង្គរមករស់នៅតំបន់រុនតាឯក នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ បានមានប្រសាសន៍ថា នេះជាជោគជ័យមួយក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩ រួមគ្នាសម្រាប់ប្រទេសកម្ពុជា។
សម្តេចតេជោបានសង្កេតឃើញថា ពលរដ្ឋភាគច្រើនទម្លាប់ពាក់ម៉ាស តែក៏មានពលរដ្ឋខ្លះមិនពាក់ម៉ាស់ផងដែរ។ តែយ៉ាងណាសម្តេចលើកទឹកចិត្តឱ្យពលរដ្ឋបន្តពាក់ម៉ាស់ និងអនុវត្តតាមវិធានការសុខាភិបាល៣កុំ និង៣ការពារ។
តាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី២១ ខែតុលា មានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួនជាង ១៣ម៉ឺននាក់ និងអ្នកស្លាប់ចំនួន ៣,០៥៦នាក់៕