ភ្នំពេញ៖ ប្រធានាធិបតីទីម័រឡេស្តេ លោក ចូហ្សេ រ៉ាម៉ូស ហ៊រតា បានបញ្ជាក់ប្រាប់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី២០ ខែតុលាថា លោកមកទស្សនកិច្ចនៅកម្ពុជាលើកនេះគឺដើម្បីចង់រឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរកាន់តែខ្លាំងឡើង ជាពិសេសចង់ជំរុញឱ្យមានជើងហោះហើរត្រង់ប្រទេសទាំងពីរនៅថ្ងៃខាងមុខ។
ជំនួយការរបស់រាជរដ្ឋាភិបាលកម្ពុជា លោក អ៊ាង សុផល្លែត បានថ្លែងក្រោយបញ្ចប់កិច្ចព្រមព្រៀងលើឯកសារទ្វេភាគីថា លោកប្រធានាធិបតីទីម័រខាងកើតក៏មានបំណងចង់ពង្រឹង និងពង្រីកលើកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មជាមួយកម្ពុជាផងដែរ។
លោក អ៊ាង សុផល្លែត បានបន្តថា លោក ចូហ្សេ រ៉ាម៉ូស ហ៊រតា បានថ្លែងអំណរគុណសម្តេចតេជោដែលគាំទ្រដល់ប្រទេសទីម័រខាងកើតចូលជាសមាជិកអាស៊ានទី១១ នៅក្នុងឆ្នាំ២០២២នេះ។ ទន្ទឹមនេះ លោកក៏បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលដែលបានកសាងកម្ពុជាក្លាយជាប្រទេសអភិវឌ្ឍន៍ និងរីកចម្រើនជាលំដាប់។
ជាការឆ្លើយតប សម្តេចតេជោ បានសម្តែងការអបអរសាទរចំពោះលោកប្រធានាធិបតីទីម័រខាងកើតដែលបានជាប់ឆ្នោតជាប្រធានាធិបតីជាលើកទី២។ ទន្ទឹមនេះសម្តេចក៏បានសម្តែងការស្វាគមន៍ចំពោះការបើកជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ ដែលជំរុញឱ្យពាណិជ្ជកម្មប្រទេសទាំងពីរកាន់តែរីកចម្រើនបន្ថែមទៀត។
សម្តេចតេជោ ក៏បានស្នើឱ្យលោកប្រធានាធិបតីបន្តជំរុញឱ្យមានអ្នកវិនិយោគិនមកកម្ពុជាបន្ថែមទៀតលើវិស័យកសិកម្ម ដូចជាម៉ាស៊ីនកិនស្រូវ ម៉ាស៊ីនសម្ងួត និងជំរុញការនាំចេញស្រូវពីកម្ពុជាទៅទីម័រខាងកើត។ ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីក៏បានលើកទឹកចិត្តឱ្យប្រទេសទីម័រជំរុញការអនុវត្តអនុស្សរណៈដែលទើបតែចុះហត្ថលេខារួចហើយ។ លើសពីនេះជំរុញឱ្យពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងវិស័យសន្តិសុខ៕