ភ្នំពេញ៖គណៈកម្មការ គ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាបានដាក់ចេញវិធានការចំនួន ៥ចំណុចក្នុងគោលដៅធានាឱ្យការធ្វើប្រតិបត្តិការកាស៊ីណូ អាចប្រព្រឹត្តទៅបានស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រងល្បែងពាណិជ្ជកម្ម។
សេចក្ដីណែនាំ ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ឱ្យដឹងថា គណៈកម្មការ គ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានដាក់ចេញនូវវិធានចំនួន ៥ចំណុច ដើម្បីអនុវត្តលើការគ្រប់គ្រងប្រតិបត្តិការកាស៊ីណូដូចជា ការត្រួតពិនិត្យ ការផ្តល់អាជ្ញាបណ្ណ ការប្រមូលចំណូល ក៏ដូចជា ការគ្រប់គ្រងមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្មជាដើម។
យ៉ាងណាមិញ វិធានការណែនាំទាំង ៥ចំនុចនោះរួមមាន ប្រតិបត្តិករ និងកម្មសិទ្ធិករកាស៊ីណូ ត្រូវមកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ ឬបន្តសុពលភាពអាជ្ញាបណ្ណកាស៊ីណូ ដោយផ្អែកលើគោលការណ៍ អនុញ្ញាតពីរាជរដ្ឋាភិបាល (សជណ) ដែលបានកំណត់យ៉ាងច្បាស់នូវទីតាំងភូមិសាស្ត្រ និងលក្ខខណ្ឌទាំងឡាយដែលមានចែងក្នុងច្បាប់។
ជាមួយគ្នា ប្រតិបត្តិករ និងកម្មសិទ្ធិករកាស៊ីណូដែលបានទទួលអាជ្ញាបណ្ណកាស៊ីណូពី (គ.ល.ក.) គឺអាចធ្វើប្រតិបត្តិការកាស៊ីណូបាន ប៉ុន្តែត្រូវស្ថិតក្នុង បរិវេណទីតាំងដែលបានកំណត់នៅក្នុងអាជ្ញាបណ្ណកាស៊ីណូប៉ុណ្ណោះ។
ក្នុងនោះ ប្រតិបត្តិករ និងកម្មសិទ្ធិករកាស៊ីណូ ដែលធ្លាប់មានអាជ្ញាបណ្ណកាស៊ីណូពីក្រសួងសេដ្ឋកិច្ច គឺអាចធ្វើប្រតិបត្តិការ កាស៊ីណូបាន ប៉ុន្តែនៅក្នុងបរិវេណទីតាំងដែលបានកំណត់ និងស្ថិតនៅក្រោមការគ្រប់គ្រង និងត្រួតពិនិត្យយ៉ាងតឹងរ៉ឹងរបស់ គ.ល.ក.។
មួយវិញទៀត ប្រតិបត្តិករ និងកម្មសិទ្ធិករកាស៊ីណូ ត្រូវដាក់តាំងបង្ហាញអាជ្ញាបណ្ណ ឬលិខិត បញ្ជាក់ច្បាប់ដើមនៅកន្លែងដែលអាចមើលឃើញ ។ (គ.ល.ក) ថាបើរកឃើញថាមានករណី ប្រើប្រាស់អាជ្ញាបណ្ណ ឬលិខិតបញ្ជាក់នីតិភាពថតចម្លង នៅទីតាំងផ្សេងនឹង នោះនឹងចាត់ ទុកថាជាការក្លែងបន្លំ ដែលនឹងត្រូវប្រឈម នឹងការចាត់វិធានការនានាតាមច្បាប់ផងដែរ។
លើសពីនេះ ប្រតិបត្តិករ និងកម្មសិទ្ធិករកាស៊ីណូ ត្រូវបង់ប្រាក់ចំណូលកាតព្វកិច្ចពីល្បែងគ្រប់ប្រភេទដែលដំណើរការក្នុងបរិវេណកាស៊ីណូ និងកាតព្វកិច្ចផ្សេងៗទៀតឱ្យបានគ្រប់ចំនួន និងទាន់ពេលវេលា ទៅតាមច្បាប់។
សេចក្ដីណែនាំដដែលឱ្យដឹងថា ប្រតិបត្តិករ និងកម្មសិទ្ធិករកាស៊ីណូ ដែលមិនអនុវត្តការណែនាំ នឹងត្រូវចាត់ទុកថាបានប្រព្រឹត្តល្មើសច្បាប់ ដែលត្រូវប្រឈមនឹងការ ដាក់ទណ្ឌកម្មរដ្ឋបាល និងពិន័យអន្តរការណ៍ ស្របតាមការកំណត់ដោយច្បាប់៕