ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

គ.ជ.ប កំណត់ពេល ៥០ថ្ងៃសម្រាប់ឱ្យពលរដ្ឋដែលគ្រប់អាយុទៅចុះឈ្មោះបោះឆ្នោតតាមឃុំ-សង្កាត់

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានកំណត់រយៈពេល ៥០ថ្ងៃ ពោលចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ គិតទាំងថ្ងៃចុងសប្តាហ៍ ឱ្យពលរដ្ឋទៅត្រួតពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតចំពោះពលរដ្ឋដែលគ្រប់អាយុ និងពលរដ្ឋដែលមិនទាន់ចុះឈ្មោះនៅតាមសាលាឃុំសង្កាត់។

គ.ជ.ប បានកំណត់ថ្ងៃត្រួតពិនិត្យ និងចុះឈ្មោះបោះឆ្នោតរយៈពេល ៥០ថ្ងៃគត់ ដោយក្នុងនោះបែងចែកជា ៣ដំណាក់កាល គឺ១៥ថ្ងៃដំបូងចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ ការិយាល័យចុះឈ្មោះបោះឆ្នោតនឹងត្រូវបើកដំណើរការនៅតាមសាលាឃុំ-សង្កាត់។ ២៥ថ្ងៃបន្ទាប់ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ការិយាល័យចុះឈ្មោះបោះឆ្នោត ត្រូវចល័តនៅតាមភូមិមួយចំនួនក្នុងឃុំ-សង្កាត់ នីមួយៗ។ ១០ថ្ងៃចុងក្រោយ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ ការិយាល័យចុះឈ្មោះបោះឆ្នោត ត្រូវបើកបម្រើការនៅតាមសាលាឃុំ-សង្កាត់វិញ។

គ.ជ.ប បានគូសបញ្ជាក់ថា រយៈពេលនៃការចល័តការិយាល័យចុះឈ្មោះបោះឆ្នោតទៅតាមភូមិ-ឃុំសង្កាត់ ក្រុមប្រឹក្សាឃុំ-សង្កាត់ និងក្រុមចុះឈ្មោះបោះឆ្នោត អាចកែសម្រួលទៅតាមស្ថានភាពភូមិសាស្ត្រ និងសភាពការណ៍ជាក់ស្តែង ដើម្បីធានាឱ្យប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតក្នុងឃុំសង្កាត់ទាំងអស់អាចមានលទ្ធភាពបានមកចុះឈ្មោះបោះឆ្នោតគ្រប់ៗគ្នាប្រកបដោយសុវត្ថិភាព។

បើតាម គ.ជ.ប ការិយាល័យចុះឈ្មោះបោះឆ្នោតនឹងត្រូវបិទចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី០៣ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីបើកកិច្ចប្រជុំជាមួយក្រុមចុះឈ្មោះបោះឆ្នោត ត្រួតពិនិត្យការអនុវត្តការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។

តាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ការិយាល័យចុះឈ្មោះបោះឆ្នោតនៅតាមសាលាឃុំសង្កាត់ទូទាំងប្រទេសបានបើកដំណើរការនៅព្រឹកម៉ោង៧ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ប្រព្រឹត្តទៅល្អ ពោលពុំមានបញ្ហាប្រឈមណាមួយធ្វើឱ្យរាំងស្ទះឡើយ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើតក្នុងបញ្ជីបោះឆ្នោតថ្មីនៅក្រុងតាខ្មៅនាព្រឹកថ្ងៃទី២០ ខែតុលា នាយករដ្ឋមន្ត្រីកម្ពុជាបានអំពាវនាវឱ្យមន្ត្រីអត្រានីកូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធជួយពន្លឿនក្នុងការធ្វើអត្តសញ្ញាណបណ្ណដើម្បីឱ្យពលរដ្ឋបានមកចុះឈ្មោះបោះឆ្នោត ឬផ្ទេរឈ្មោះបោះឆ្នោតពីកន្លែងមួយទៅកន្លែងមួយទៀតឱ្យបានឆាប់រហ័សទាន់ពេលថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលធ្វើនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។

សម្តេចតេជោបានអំពាវនាវពលរដ្ឋដែលមិនទាន់ចុះឈ្មោះបោះឆ្នោត ឬគ្រប់អាយុបោះឆ្នោត រួសរាន់ទៅចុះឈ្មោះឱ្យបានគ្រប់ៗគ្នាដើម្បីទទួលបានសិទ្ធិបោះឆ្នោត។

គូសបញ្ជាក់ថា ពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការនៅឆ្នាំ២០២២ គឺមានសិទ្ធិចុះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក