ប្រធានាធិបតីទីម័រខាងកើតអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ «ព្រះបរមរតនកោដ្ឋ» នៅមណ្ឌបព្រះបរមរូប
ភ្នំពេញ៖ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់កម្ពុជាថ្ងៃទី២ របស់ប្រធានាធិបតីទីម័រខាងកើត លោក ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា (Jose Manuel Ramos-Horta) នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ លោកបានអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» នៅមណ្ឌបព្រះបរមរូប។
ពិធីនេះមានការអញ្ជើញទទួលស្វាគមន៍ពីលោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជាទេសរដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង។
ប្រធានាធិបតីទីម័រខាងកើត លោក ចូសេ រ៉ាម៉ូស ហ័រតា មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាពីថ្ងៃទី១៩-២២ ខែតុលា ឆ្នាំ២០២២។
គូសបញ្ជាក់ថា នៅថ្ងៃនេះ នាយករដ្ឋមន្ត្រីកម្ពុជា និងប្រធានាធិបតីទីម័រខាងកើតនឹងធ្វើជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហេត្ថលេខាលើឯកសារទ្វេភាគីដ៏មានសារសំខាន់ចំនួន២ គឺកិច្ចព្រមព្រៀងសេវាកម្មអាកាសចរណ៍ និងអនុស្សរណៈនៃការយោគយល់ស្តីពីពាណិជ្ជកម្មស្រូវ រវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត៕