ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវវីដេអូឃ្លីបខ្លីមួយពីសកម្មភាពរបស់អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង ដែលត្រូវជាឪពុករបស់សម្ដេច នៅក្នុងពិធីរៀបការចៅកាលពីឆ្នាំ១៩៩៣។ សម្ដេចថា នៅពេលនោះព្រឹទ្ធាចារ្យ ហ៊ុន នាង មានអាយុ ៧០ឆ្នាំក៏ប៉ុន្តែកម្លាំងពលាំងនិងភាពស្វាហាប់ គឺនៅមានដដែល។
សម្ដេចតេជោ បានសរសេរនៅលើបណ្ដាញសង្គមរបស់សម្ដេចយ៉ាងដូច្នេះថា៖ «ទើបឃើញវីដេអូដែលបង្ហាញពីឪពុកខ្ញុំចូលរួមរៀបការចៅកាលពីឆ្នាំ១៩៩៣ ដែលពេលនោះគាត់អាយុ ៧០ឆ្នាំ។ ក្នុងវ័យ ៧០ឆ្នាំគាត់នៅរឹងមាំនិងរហ័សរហួនថែមទាំងសង្ហារទៀតផង»។
ជារឿយៗសម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្ដីនឹករលឹកដល់ឪពុកម្ដាយរបស់សម្ដេចដែលបានលាចាកលោកទៅ។
ឪពុកបង្កើតសម្ដេចតេជោ ហ៊ុន សែន អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង បានទទួលអនិច្ចកម្មនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣ ក្នុងជន្មាយុ ៩០ឆ្នាំ ដោយជរាពាធ៕