ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចឱ្យរៀបចំរចនាសម្ព័ន្ធមូលនិធិជាតិជំនួយសង្គម (ម.ជ.ជ) ដើម្បីគ្រប់គ្រងរដ្ឋបាល និងធនធានមនុស្សក្នុងអង្គភាពជាតិមួយនេះ។
យោងតាមអនុក្រឹត្យស្ដីពីរចនាសម្ព័ន្ធរបស់មូលនិធិជាតិជំនួយសង្គមដែលចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បានសម្រេចឱ្យមាននាយកដ្ឋានចំនួន៦ ចំណុះគ្រឹះស្ថានមូលនិធិជំនួយសង្គម ដោយរួមមាន នាយកដ្ឋានរដ្ឋបាលនិងគ្រប់គ្រងធនធានមនុស្ស នាយកដ្ឋានគ្រប់គ្រងសេវានិងរបបឧបត្ថមតាវកាលិក នាយកដ្ឋានគ្រប់គ្រងថវិកា ហិរញ្ញវត្ថុ និងគណនេយ្យ នាយកដ្ឋានគោលនយោបាយនិងនីតិកម្ម នាយកដ្ឋានគ្រប់គ្រងព័ត៌មានវិទ្យា និងអង្គភាពសវនកម្មផ្ទៃក្នុង។
តាមមាត្រា៤ នៃអនុក្រឹត្យនេះបានកំណត់ថា នាយកដ្ឋាននីមួយៗ និងអង្គភាពសវនាកម្ម នៃ ម.ជ.ជ ដឹកនាំដោយប្រធាន ១រូប ដែលតែងតាំងដោយអនុក្រឹត្យ និងអនុប្រធានមួយចំនួនជាជំនួយការ អនុលោមតាមបទប្បញ្ញត្តិជាធរមាន។
សម្ដេចតេជោ ក៏សម្រេចនិរាការណ៍មាត្រា៣៧ ដែលចែងអំពីការបង្កើតអង្គភាពសវនកម្មផ្ទៃក្នុងរបស់ ម.ជ.ជ នៃអនុក្រឹត្យចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ស្ដីពីការបង្កើតមូលនិធិជាតិជំនួយសង្គម ជាគ្រឹះស្ថានសាធារណៈរដ្ឋបាលផងដែរ៕