រដ្ឋបាលខេត្តកណ្ដាលគ្រោងសាងសង់ស្ពាននៅភូមិកោះចំរើនកន្លែងដែលក្មេង ១១នាក់បាត់បង់ជីវិតក្នុងហេតុការណ៍លិចទូក
កណ្តាល៖ អភិបាលខេត្តកណ្តាលទទួលបានការឯកភាពពីនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន សម្រេចឱ្យសាងសង់ស្ពាននៅក្នុងភូមិកោះចំរើន ស្រុកលើកដែក ដើម្បីសម្រួលឱ្យពលរដ្ឋ និងសិស្សានុសិស្សឆ្លងកាត់ដើម្បីបញ្ចៀសកុំឱ្យកើតមានឧបទ្ទវហេតុលិចទូកបណ្តាលឱ្យស្លាប់មនុស្សតទៅទៀត។
គម្រោងនេះធ្វើឡើងបន្ទាប់ពីពលរដ្ឋរងគ្រោះ និងពលរដ្ឋនៅក្នុងភូមិកោះចំរើន បានសំណូមពរទៅរាជរដ្ឋាភិបាលឱ្យជួយកសាងស្ពានដើម្បីសម្រួលឱ្យពួកគេធ្វើដំណើរប្រកបដោយសុវត្ថិភាព ពីព្រោះពលរដ្ឋ និងសិស្សានុសិស្សនៅតំបន់នោះកន្លងមកតែងតែត្អួញត្អែរថាពិបាកធ្វើដំណើរឱ្យទាន់ពេលវេលា នៅពេលដែលឈឺស្កាត់ម្តងៗ ដោយសារតែមិនមានស្ពានសម្រាប់ឆ្លង។
ថ្លែងប្រាប់អ្នកសារព័ត៌មាន EAC តាមទូរសព្ទនាថ្ងៃទី១៩ ខែតុលា អភិបាលរងខេត្តកណ្តាល លោក នូវប៉េង ច័ន្ទតារា បានបញ្ជាក់ថា លោកអភិបាលខេត្តកណ្តាល គង់ សោភ័ណ្ឌ កាលពីទៅចូលរួមពិធីបុណ្យខួបគម្រប់៧ថ្ងៃ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ លោកបានទៅជម្រាបជូនដល់គ្រួសារនៃជនរងគ្រោះទាំង១១នាក់នោះថា លោកទទួលបានការឯកភាពពីសម្តេចតេជោដែលអនុញ្ញាតឱ្យកសាងស្ពានសម្រាប់សម្រួលដល់ពលរដ្ឋដែលរស់នៅទីនោះហើយ។
បើតាមលោក អភិបាលរងខេត្ត អាជ្ញាធរកំពុងតែសិក្សា និងគ្រោងសាងសង់ស្ពាននៅពេលដែលទឹកចាប់ផ្តើមស្រកនៅថ្ងៃខាងមុខនេះ។
លោកបានថ្លែងថា៖ «យើងមានគម្រោងសាងសង់ស្ពាន ហើយយើងនឹងទៅសិក្សា នៅពេលទឹកស្រកអស់ ដើម្បីសិក្សាឱ្យស៊ីជម្រៅ»។
ក្រៅពីនៅតំបន់ភូមិកោះចំរើនដែលរងគ្រោះទឹកជំនន់ ក៏មានតំបន់ផ្សេងៗទៀតក្នុងខេត្តកណ្តាលកំពុងតែប្រឈមបញ្ហាទឹកជំនន់ផងដែរ។ ជុំវិញបញ្ហានេះ លោក នូវប៉េង ច័ន្ទតារា បានបញ្ជាក់ថា អាជ្ញាធរខេត្តនឹងត្រួតពិនិត្យមើលតាមទីតាំងដែលរងគ្រោះជាក់ស្តែងផងដែរ។
មន្ដ្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិតសភាកម្ពុជា លោក ឈត ប៊ុនថង យល់ឃើញថា គម្រោងសាងសង់ស្ពាននៅកន្លែងដែលជួបបញ្ហាលិចទូកនៅស្រុកលើកដែកនោះ គឺជាការឆ្លើយតបដ៏មានប្រសិទ្ធភាពបំផុតសម្រាប់លុបបំបាត់ និងកាត់បន្ថយហានិភ័យដែលកើតឡើងដោយសារការចម្លងទូកខ្វះការប្រុងប្រយ័ត្ន និងការការពារទុកជាមុន។
លោកបានបន្តថា បន្ថែមពីនេះ អាជ្ញាធរ និងអ្នកពាក់ព័ន្ធក៏ត្រូវរឹតបន្តឹងចំពោះអ្នកបើកបរទូក ដោយត្រូវធានាថា គ្រប់អ្នកបើកបរទូកត្រូវមានជំនាញគ្រប់លក្ខខណ្ឌក្នុងការបើកបរទូក ហើយត្រូវគ្រប់អាយុ ជាពិសេសត្រូវពង្រឹងលើការត្រួតពិនិត្យលើបច្ចេកទេសទូក។
លោកបានថ្លែងថា៖ «អ្នកផ្តល់សេវាទូក ឬអ្នកអុំទូក ត្រូវតែជាមនុស្សពេញវ័យ ហើយមានជំនាញ មានបទពិសោធន៍យកចិត្តទុកដាក់នឹងការងារ ជាពិសេសចំពោះសុវត្ថិភាពរបស់អ្នកដំណើរ។ ទូកដ ឬទូកកាណូតដែលប្រើប្រាស់ជាមធ្យោបាយចម្លងក៏ត្រូវមានគ្រប់លក្ខណៈបច្ចេកទេសដែលមានសុវត្ថិភាព។ ជាពិសេសអាជ្ញាធរត្រូវចាំបាច់ត្រួតពិនិត្យជាប្រចាំលើអ្នកដែលមានសិទ្ធិអុំទូក ថាតើការបើកបររបស់គាត់មានគោរពតាមគោលការណ៍ ឬច្បាប់ចរាចរណ៍ក្នុងការបើកបរទូកឬអត់?» មន្ត្រីជំនាញផ្នែកវប្បធម៌ អប់រំ និងទេសចរណ៍រូបនេះ ក៏ចង់ឱ្យរាជរដ្ឋាភិបាលបន្តសាងសង់ស្ពានដល់ទីតាំងផ្សេងៗទៀតផងដែរ ដើម្បីកាត់បន្ថយការចំណាយ និងគ្រោះថ្នាក់ពីការជិះទូកទៅតាមលទ្ធភាពដែលរាជរដ្ឋាភិបាលអាចធ្វើទៅបាន។
ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល លោក ចេង សំអ៊ុល បានបញ្ជាក់ថា ក្រោយហេតុការណ៍នេះកើតឡើងមក ខាងមន្ទីរអប់រំខេត្តបានកោះប្រជុំជាមួយសាលារៀនដែលនៅតំបន់ទឹកជំនន់ បង្កើនការផ្សព្វផ្សាយដល់សិស្សានុសិស្សឱ្យប្រុងប្រយ័ត្នពេលជិះទូកឆ្លងទៅសិក្សា ឬទៅតំបន់ផ្សេងដោយត្រូវពាក់ពោងការពារដើម្បីរួចផុតពីគ្រោះថា្នក់ជាយថាហេតុណាមួយ។
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានប្រាប់ថា ក្រសួងអប់រំបានអំពាវនាវដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ មាតាបិតានិងគ្រប់ភាគីពាក់ព័ន្ធទាំងអស់មេត្តាបង្កើនការប្រុងប្រយ័ត្ននារដូវវស្សានេះ។ ជាពិសេសណែនាំដល់ឪពុកម្តាយ និងអាណាព្យាបាលត្រូវការពារកូនកុំឱ្យចុះលេងទឹកដែលបណ្តាលឱ្យលង់ទឹក។
ទន្ទឹមនឹងការអំពាវនាវនេះ លោកបញ្ជាក់ថា ក្រសួងអប់រំកំពុងបន្តយកចិត្តទុកដាក់កម្រិតខ្ពស់ តាមដានស្ថានភាពធម្មជាតិ ដោយយោងទៅលើការព្យាករណ៍ឧតុនិយមផ្លូវការ និងទិដ្ឋភាពផ្ទាល់នៅមូលដ្ឋាន។
ជាមួយគ្នានេះលោកថា ក្រសួងអប់រំក៏មានក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយវិស័យអប់រំ ដែលបានបន្តកិច្ចសហការណ៍ជាមួយគ្រប់ភាគីពាក់ព័ន្ធដូចឆ្នាំកន្លងមកដែរ។ ជាពិសេសជាមួយគណ:គ្រប់គ្រងគ្រឹះស្ថានសិក្សា និងអាជ្ញាធរមូលដ្ឋានផ្ទាល់ដើម្បីត្រៀមលក្ខណ:អន្តរាគមន៍ទៅលើកត្តាចាំបាច់តាមលទ្ធភាពជាក់ស្តែង។
សូមរំលឹកថា ឧបទ្ទវហេតុលិចទូកនៅក្នុងភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុក់លើកដែក ខេត្តកណ្តាលកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ បានបណ្តាលឱ្យសិស្សសាលាប្រុសស្រីចំនួន ១១នាក់បានបាត់បង់ជីវិត ក្នុងចំណោមជនរងគ្រោះក្នុងហេតុការណ៍លិចទូកសរុបចំនួន ១៥នាក់ ដោយមានតែ ៤នាក់ប៉ុណ្ណោះដែលរួចផុតពីអាយុជីវិត។
ពាក់ព័ន្ធនឹងករណីនេះ អាជ្ញាធរក៏បានឃាត់ខ្លួនម្ចាស់ទូកចំនួន ២នាក់ និងអ្នកបើកទូកចំនួន ១នាក់ ទៅសួរនាំ តែក៏ត្រូវបានសាលាដំបូងខេត្តកណ្តាលដោះលែងឱ្យត្រឡប់ទៅផ្ទះវិញ ប៉ុន្តែពួកគេទាំង ៣នាក់នោះក៏នៅតែត្រូវបន្តចាត់ការតាមនីតិវិធីច្បាប់ផងដែរ៕