កិច្ចព្រមព្រៀងលើកទីមួយរបស់ពិភពលោកលើការដឹកជញ្ជូនផ្លូវអាកាសរវាងអាស៊ាននិងអឺរ៉ុបត្រូវបានចូលជាធរមាន
បាលី-ឥណ្ឌូនេស៊ី៖ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) និងសហភាពអឺរ៉ុប (EU) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវអាកាសគ្រប់ជ្រុងជ្រោយ រវាងរដ្ឋជាសមាជិកនៃតំបន់ទាំងពីរ (ASEAN-EU CATA) នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៨ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នៅបាលី ប្រទេសឥណ្ឌូនេស៊ី។
រដ្ឋមន្ត្រីអាកាសចរស៊ីវិលកម្ពុជាលោក ម៉ៅ ហាវណ្ណាល់ ដែលត្រូវបានអញ្ជើញទៅចូលក្នុងកិច្ចប្រជុំនេះបានលើកឡើងថានេះគឺប្រវត្តិសាស្ត្រលើកទី១ របស់ពិភពលោកដែលសម្រេចបានកិច្ចព្រមព្រៀងផ្លូវអាកាសរវាងប្លុក-ប្លុកបែបនេះ។ លោកសង្ឃឹមថាកិច្ចព្រមព្រៀងនេះនឹងជួយពង្រឹងសេវាដឹកជញ្ជូន ជាពិសេសគឺការតភ្ជាប់មនុស្ស វប្បធម៌ និងអាជីវកម្ម។
លោកថា៖ «កិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវអាកាសគ្រប់ជ្រុងជ្រោយ អាស៊ាន (ASEAN) និងសហភាពអឺរ៉ុប (EU) នឹងពង្រឹងសេវាដឹកជញ្ជូនតាមផ្លូវអាកាស ការតភ្ជាប់មនុស្ស វប្បធម៌ និងអាជីវកម្ម នៅទូទាំងទ្វីប ព្រមទាំងគាំទ្រដល់កំណើននិរន្តរភាពនៃអាកាសចរណ៍»។
កិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវអាកាសគ្រប់ជ្រុងជ្រោយ អាស៊ាន (ASEAN) និងសហភាពអឺរ៉ុប (EU) កើតចេញរូបរាងឡើងនៅក្នុងខណៈដែល អាស៊ាន (ASEAN) និងសហភាពអឺរ៉ុប (EU) ប្រារព្ធនូវភាពជាដៃគូ ខួបលើកទី៤៥ឆ្នាំ"។ កិច្ចព្រមព្រៀងនេះនឹងផ្តល់ឱកាសកាន់តែច្រើនសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ របស់បណ្តាប្រទេស ASEAN និងEU ក្នុងការធ្វើប្រតិបត្តិការដឹកជញ្ជូនអ្នកដំណើរ និងទំនិញរវាងតំបន់ទាំងពីរ ដែលនឹងជួយពង្រឹងការស្តារឡើងវិញនូវការតភ្ជាប់ផ្លូវអាកាស រវាងតំបន់ទាំងពីរបន្ទាប់ពីមានជំងឺរាតត្បាត COVID-19។ អ្នកដំណើរអាចនឹងទទួលបានចំនួនគោលដៅថ្មីៗដែលកើនឡើង ការកើនឡើងនូវចំនួនជើងហោះហើរកាន់តែច្រើន និងភាពចម្រុះនៃជម្រើសក្នុងការធ្វើដំណើរបន្ថែមទៀត រវាងអាស៊ីអាគ្នេយ៍ និងអឺរ៉ុប។
ក្រោម ASEAN-EU CATA (កិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវអាកាសគ្រប់ជ្រង់ជ្រោយ) ក្រុមហ៊ុនអាកាសចរណ៍នៃបណ្តារប្រទេស អាស៊ាន (ASEAN) និងសហភាពអឺរ៉ុប (EU) អាចនឹងធ្វើការហោះហើរផ្តល់សេវាកម្មមួយចំនួនរវាងតំបន់ទាំងពីរ។ លើសពីនេះទៀតក្រុមហ៊ុនអាកាសចរណ៍នៃប្រទេសនីមួយៗនៃប្លុកមួយនឹងអាចហោះហើរសេវាអ្នកដំណើរប្រចាំសប្តាហ៍រហូតដល់ទៅ១៤ជើង និងសេវាដឹកទំនិញមួយចំនួនទៅកាន់ប្រទេសនីមួយៗ នៃប្លុកផ្សេងទៀតជាមួយនឹងសិទ្ធិហោះហើរទី៥ តាមរយៈប្រទេសទីបី ឬលើសពីប្រទេសទីបី៕
PHOTO: TY