ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

អាល្លឺម៉ង់ផ្តល់ហិរញ្ញប្បទានឥតសំណងជាង ១៥លានដុល្លារជួយដល់វិស័យសុខាភិបាលកម្ពុជា

ភ្នំពេញ៖ រដ្ឋាភិបាលអាល្លឺម៉ង់ បានផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ១៥,៥លានដុល្លារអាម៉េរិកដល់កម្ពុជាតាមរយៈធនាគារអភិវឌ្ឍអាល្លឺម៉ង់ (KfW) សម្រាប់អនុវត្តគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី៣ (H-EQIP III)។

នាថ្ងៃទី១៧ ខែតុលា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ប្រធានផ្នែកសុខភាព និងគាំពារសង្គមប្រចាំតំបន់អាស៊ី លោកស្រី Martina Koch និងលោក Matthias Nachtnebel ទីប្រឹក្សាផ្នែកសុខភាព និងគាំពារសង្គមប្រចាំតំបន់អាស៊ីនៃធនាគារអភិវឌ្ឍន៍ KfW បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងជាង ១៥លានដុល្លារ។

ថវិកាឥតសំណងទាំងនេះនឹងយកទៅអនុវត្តលើគោលបំណងចម្បងចំនួន៣ ដោយបំណងទី១ គឺរួមចំណែកដល់ការបង្កើនសេវាសុខភាពប្រកបដោយសមធម៌ និងគុណភាពខ្ពស់ដល់ប្រជាជនក្រីក្រ និងជនងាយរងគ្រោះដែលធ្វើឱ្យប្រសើរឡើងនូវការការពារ និងការព្យាបាលជំងឺតាមរយៈមូលនិធិសមធម៌សុខភាព។ បំណងទី២ អន្តរាគមន៍យ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងករណីបញ្ហាសុខភាពផ្សេងៗ ដោយធ្វើការកែលម្អគុណភាព និងសមត្ថភាពនៃកន្លែងថែទាំសុខភាពសាធារណៈ និងបំណងទី៣ គឺផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងការកែលម្អសមភាពយេនឌ័រ និងបរិយាប័នសង្គម។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចបានថ្លែងថា ជំនួយថវិកាទាំងនេះបានឆ្លើយតបទៅនឹងសេចក្តីត្រូវការជាអាទិភាព ក្នុងវិស័យសុខាភិបាល ពោលគឺបានលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងសមធម៌នៃសុខភាពប្រជាជន ដើម្បីគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស កំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម។

លោកបានថ្លែងថា៖ «ការចុះហត្ថលេខានេះគឺជានិមិត្តរូប នៃភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ដែលបាននឹងកំពុងពង្រីក និងពង្រឹងឱ្យកាន់តែរឹងមាំបន្ថែមទៀត»

ប្រធានផ្នែកសុខភាព និងគាំពារសង្គមប្រចាំតំបន់អាស៊ី លោកស្រី Martina Koch បានលើកឡើងថា គម្រោងនេះ នឹងជួយពង្រឹងសេវាកម្មសុខាភិបាល ពង្រីកការផ្តល់ហិរញ្ញវត្ថុ ផ្តល់សមធម៌សុខាភិបាល ដល់ប្រជាជនក្រីក្រ និងធានាបាននូវប្រព័ន្ធសុខាភិបាលប្រកបដោយនិរន្តភាព និងប្រសិទ្ធភាព ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល និងចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

បើតាមលោកស្រី Martina Koch មួយទសវត្សរ៍ចុងក្រោយនេះ សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់តាមរយៈធនាគារអភិវឌ្ឍអាល្លឺម៉ង់បានផ្តល់ហិរញ្ញប្បទានឥតសំណងជាង ៦៨លានដុល្លារ ដល់ការពង្រឹងប្រព័ន្ធសុខាភិបាល និងការការពារសុខភាពសង្គម តាមរយៈគម្រោងអាហារូបត្ថម្ភនៅកម្ពុជា និងគម្រោងពង្រឹងប្រព័ន្ធអប់រំមុនពេលបម្រើការងារសម្រាប់មន្ត្រីសុខាភិបាល និងគម្រោង H-EQIP ដែលទើបតែចុះហត្ថលេខាថ្មីៗនេះ។

សូមបញ្ជាក់ថា ចាប់ពីឆ្នាំ១៩៩៣ រហូតមកដល់បច្ចុប្បន្ននេះ សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់បានផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការចំនួន ៨៣៨លានដុល្លារដល់កម្ពុជា។ ក្នុងនោះហិរញ្ញប្បទានឥតសំណងមានចំនួន ៧៦៨លានដុល្លារ និងចំនួន ៧០លានដុល្លារទៀតជាឥណទានសម្បទានសម្រាប់រួមចំណែកក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក