ធនាគារជាតិនៃកម្ពុជាផ្ដល់ការអនុគ្រោះចំពោះអ្នកខ្ចីប្រាក់ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារគ្រោះទឹកជំនន់
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា នឹងផ្ដល់ការអនុគ្រោះដល់អ្នកខ្ចីប្រាក់ដែលរងផលប៉ះពាល់ពីគ្រោះទឹកជំនន់ ដោយនឹងកាត់បន្ថយចំនួនប្រាក់ដើម ក៏ដូចជាអត្រាការប្រាក់និងលក្ខខណ្ឌមួយចំនួនទៀត។
សេចក្ដីជូនដំណឹង នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ធនាគារជាតិនៃកម្ពុជាឱ្យដឹងថា ក្រោយប្រជុំពិភាក្សារវាងសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ធនាគារជាតិនៃកម្ពុជា បានប្រកាសគាំទ្រ ដោយនឹងអនុវត្តតាមការស្នើរបស់ សម្ដេចតេជោ ក្នុងការបន្តចូលរួមសហការល្អក្នុងក្របខណ្ឌ កិច្ចការពារអតិថិជន និងបន្តការអនុគ្រោះតាមរយៈការរៀបចំឥណទានឡើងវិញ។
សេចក្ដីជូនដំណឹងដដែល ឱ្យដឹងថា លក្ខខណ្ឌដែលបានរៀបចំឡើងវិញ រួមមាន ការកាត់បន្ថយចំនួនប្រាក់ដើមឥណទាន និងអត្រាការប្រាក់ទាបជាងលក្ខខណ្ឌនៃកិច្ចសន្យាដើម ការពន្យារពេលទូទាត់សងប្រាក់ដើមការពន្យារឥណប្រតិទាន ការបន្ថែមឬការផ្លាស់ប្ដូរអ្នករួមខ្ចី និងអ្នកធានា ការបន្ថយទ្រព្យធានា ក៏ដូចជាលក្ខខណ្ឌកិច្ចសន្យា និងការផ្តល់រយៈពេលអនុគ្រោះដោយគ្មានការទូទាត់សង (Grace period) ដែលអាចមានរយៈពេលរហូតដល់ ៦ខែ។
គួរឱ្យដឹងថា កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បានស្នើឱ្យគ្រឹះស្ថានហិរញ្ញវត្ថុ ពិនិត្យលទ្ធភាពដើម្បីធ្វើការអនុគ្រោះ ដោយពន្យារពេលសម្រាប់ការសង និងបន្ធូរបន្ថយការប្រាក់ដល់ពលរដ្ឋ ដែលកំពុងទទួលរងផលប៉ះពាល់ពីគ្រោះទឹកជំនន់។
សម្ដេចមានប្រសាសន៍ថា៖ «ខ្ញុំព្រះករុណា ខ្ញុំសូមអំពាវនាវ ចំពោះមីក្រូហិរញ្ញវត្ថុផ្នែកធនាគារ និងហិរញ្ញវត្ថុ ផ្ដល់នូវលទ្ធភាព ផ្ដល់នូវការអនុគ្រោះសម្រាប់អ្នកដែលទទួលផលប៉ះពាល់ពីគ្រោះទឹកជំនន់នេះ តាមរយៈនៃការពន្យាពេលសម្រាប់ការសង បន្ធូរបន្ថយការប្រាក់ ឬតាមរយៈការរៀបចំឥណទានឡើងវិញ»។
យ៉ាងណាមិញ ធនាគារជាតិនៃកម្ពុជា បានអំពាវនាវដល់គ្រឹះស្ថាននានា ពិចារណា និងផ្ដល់ការអនុគ្រោះ ដូចជាការបន្ធូរបន្ថយការប្រាក់ និងកម្រៃផ្សេងៗពាក់ព័ន្ធនឹងឥណទាន ក៏ដូចជា លើកលែងការផាកពិន័យ និងជៀសវាងការរឹបអូសទ្រព្យធានារបស់អ្នកខ្ចីប្រាក់ ដើម្បីរួមចំណែកសម្រាលបន្ទុក និងជួយស្តារជីវភាពរបស់ប្រជាពលរដ្ឋផងដែរ៕