ភ្នំពេញ៖ រដ្ឋមន្ដ្រីថ្មីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានប្ដេជ្ញាថានឹងប្រែក្លាយកសិកម្មកម្ពុជាទៅជាប្រទេសកសិកម្មទំនើបដែលថា ដើម្បីបម្រើឱ្យផលប្រយោជន៍ដល់ប្រជាជន និងលើកកម្ពស់ជីវភាពរបស់កសិករ។
ថ្លែងក្នុងពិធីឡើងកាន់តំណែងជារដ្ឋមន្ត្រីកសិកម្មនៅថ្ងៃច័ន្ទ ទី១៧ ខែតុលា ឆ្នាំ២០២២ លោក ឌិត ទីណា ថាលោកនឹងដោះស្រាយបញ្ហាប្រឈមរបស់វិស័យកសិកម្ម និងស្វែងរកទីផ្សារបន្ថែម សម្រាប់ផលិតផលកសិកម្ម តាមរយៈការខិតខំប្រឹងប្រែង រួមជាមួយថ្នាំដឹកនាំ និងមន្រ្តីគ្រប់លំដាប់ថ្នាក់នៃក្រសួងកសិកម្ម ព្រមទាំងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីបម្រើ និងដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ ជាពិសេសក្នុងពេលដែលប្រជាពលរដ្ឋកំពុងរងផលប៉ះពាល់ដោយសារតែទឹកជំនន់។
លោក ឌិត ទីណា ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ តែងតាំងជា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្ទាប់ពីលោកត្រូវបានសមាជិកសភាបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តឱ្យធ្វើជារដ្ឋមន្ត្រីថ្មីនៃក្រសួងកសិកម្ម ក្នុងសំឡេង ១១១ លើ ១១១ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ បន្តតំណែងពីអតីតរដ្ឋមន្ត្រី វេង សាខុន៕