នាយករដ្ឋមន្ត្រីរក្សាគោលនយោបាយនាំចូលរថយន្តជជុះមកកម្ពុជា  | ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ថ្កោលទោសឃាតកម្មចូលបាញ់ដល់ក្នុងផ្ទះកក្រើករាជធានីភ្នំពេញថ្ងៃទី១៧ មិថុនា | ប្រធានព្រឹទ្ធសភាថ្វាយព្រះពរជូនពរសម្ដេចម៉ែក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម | ប្រធានរដ្ឋសភាថ្វាយព្រះពរជូនពរសម្ដេចម៉ែក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម |

ជិត២០ឆ្នាំ កម្ពុជាបញ្ជូនទ័ពមួកខៀវជាង ៨ពាន់នាក់ ទៅបំពេញបេសកកម្មនៅក្រោមឆ័ត្រអង្គការសហប្រជាជាតិ

ភ្នំពេញ៖ រយៈពេល ១៦ឆ្នាំ គិតចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២២ កម្ពុជាបានបញ្ជូនក្រុមទ័ពមួកខៀវចំនួន ៨ ៣០២នាក់ ក្នុងនោះស្រីចំនួន ៥៨០នាក់ទៅបំពេញបេសកកម្មនៅអង្គការសហប្រជាជាតិតាមប្រទេសស៊ូដង់ ឆាដ ស៊ូដង់ខាងត្បូង លីបង់ សាយប្រឺស ស៊ីរី ម៉ាលី អាហ្វ្រិកកណ្តាល និងយេមែន ដើម្បីថែរក្សាសន្តិភាព នៅតាមបណ្តាប្រទេសនានា ដែលកំពុងជួបប្រទះនឹងវិបត្តិនៃភ្លើងសង្រ្គាម។

កងកម្លាំងមូកខៀវជាង ៨ពាន់នាក់នោះទៅបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិលើជំនាញបោសសម្ពាតគ្រាប់មីន កម្ទេចគ្រាប់មិនទាន់ផ្ទុះ អាវុធហត្ថ មន្ទីរពេទ្យកម្រិត២ វិសកម្មសំណង់ វិស្វកម្មព្រលានយន្តហោះ នាយទាហានសេនាធិការ និងនាយទាហានសង្កេតការណ៍។

អ្នកនាំពាក្យមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម ឧត្តមសេនីយ៍ឯក ផល សាមន បានប្រាប់ឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីសមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមករបស់ក្រសួងការពារជាតិនាថ្ងៃទី១៨ ខែតុលាថា ក្នុងចំណោមទ័ពមួកខៀវជាង៨ពាន់នាក់នោះ គឺមានចំនួន៨០១នាក់ (ស្រី១១៨នាក់) កំពុងតែឈរជើងនៅតាមបណ្តាប្រទេស គឺស៊ូដង់ សូដង់ខាងត្បូង ម៉ាលី លីបង់ និងអាហ្វ្រិកកណ្តាល ដែលជាគោលដៅដែលកំពុងតែប្រឈមការគំរាមកំហែងផ្នែកសន្តិសុខ ព្យុះខ្សាច់សាហារ៉ា គ្រាប់មីន គ្រឿងផ្ទុះកែច្នៃ និងការវាយប្រហារអត្តឃាតពីក្រុមភេរវករ។

បើតាមលោកឧត្តមសេនីយ៍ឯក ផល សាមន ទោះបីកងទ័ពមួកខៀវប្រឈមនឹងគ្រោះថ្នាក់ផ្សេងៗ ប៉ុន្តែកម្ពុជាមិនដែលទុកចោលពួកគេឡើយ ពោលគឺកម្ពុជាតែងតែទាក់ទង និងក្តាប់ព័ត៌មានជាប្រចាំតាមរយៈប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងច្បាស់លាស់។

លោកបានថ្លែងថា៖ «ដើម្បីគ្រប់គ្រងផ្តល់ព័ត៌មាន យើងចែកចេញជាពីរ ខាងក្រៅ និងក្នុងប្រទេស ទោះបីមានពេលវេលាវាគម្លាតគ្នា យើងថ្ងៃ គេយប់ក៏ដោយ ប៉ុន្តែការគ្រប់គ្រងព័ត៌មានគឺច្បាស់លាស់ ហេតុការណ៍ដែលកើតឡើងនៅតំបន់ដែលកម្ពុជាឈរជើង គឺត្រូវដឹងមកដល់កម្ពុជា។ ទី២ មជ្ឈមណ្ឌលជាតិបានធ្វើការណែនាំ និងគ្រប់គ្រងអ្វីជាយថហេតុ អ្វីជាឧបសគ្គកើតឡើងនៅតំបន់ឈរជើង»។

អ្នកនាំពាក្យបានបញ្ជាក់ថា កម្ពុជាបានបញ្ជូនកងទ័ពមួកខៀវទៅបំពេញបេសកកម្មក្រោមឆត្ររបស់អង្គការសហប្រជាជាតិជាលើកដំបូងនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០០៦ ពោលធ្វើឡើងក្រោយពីលោក កូហ្វី អាណាន់ (Kofi Annan) អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិបានធ្វើលិខិតមកកម្ពុជានៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០០៥។ ត្រឹមតែរយៈពេល៤ថ្ងៃក្រោយ កម្ពុជាក៏បានសម្រេចចិត្តលើសំណើនេះនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០០៥។

លោកឧត្តមសេនីយ៍ឯក ផល សាមន បានអះអាងថា រាជរដ្ឋាភិបាលសម្រេចចិត្តបញ្ជូនកងទ័ពរបស់ខ្លួនទៅចូលរួមការងារមនុស្សធម៌នៅក្រៅប្រទេសកន្លងមកនេះ គឺចង់បង្ហាញពីសុឆន្ទៈរបស់កម្ពុជាដែលចង់ឃើញពិភពលោកមានសន្តិសុខ ដោយមិនចង់ឱ្យជួបសង្រ្គាមដូចដែលកម្ពុជាធ្លាប់ឆ្លងកាត់ជាង៣ទសវត្សរ៍មកហើយ ដែលទើបតែមានសុខសន្តិភាពឡើងវិញនៅចុងឆ្នាំ១៩៩៣។

តាមការវាយតម្លៃរបស់អង្គការសហប្រជាជាតិ នៅចុងឆ្នាំ២០២១ កម្ពុជាទទួលបានចំណាត់ ថ្នាក់លេខ២៨ លើ១២២ប្រទេសដែលបរិច្ចាគកងកម្លាំង ជាប់លេខ១៣លើការបញ្ជូនកងកម្លាំងនារី និងនៅក្នុងសហគមន៍ អាស៊ាន កម្ពុជាទទួលចំណាត់ថ្នាក់លេខ៣ ហើយការបញ្ជូនកម្លាំងនារីទទួលបានលំដាប់ថ្នាក់លេខ២៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក