អគាររដ្ឋបាលថ្មីរបស់រដ្ឋសភានឹងត្រូវបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២៤ ក្រោមទំហំទឹកប្រាក់ ២៥លានដុល្លារ
ភ្នំពេញ៖ ប្រធានរដ្ឋសភា បានស្នើឱ្យអង្គភាពគ្រប់គ្រងគម្រោង សាងសង់អគាររដ្ឋបាលថ្មី ក្រោមជំនួយរបស់ប្រទេសវៀតណាម ត្រូវបន្តសម្របសម្រួលជាមួយគ្រប់ផ្នែកពាក់ព័ន្ធ និងបន្តអនុវត្តឱ្យបានត្រឹមត្រូវ ដើម្បីសម្រេចការសាងសង់ក្នុងឆ្នាំ២០២៤ ខាងមុខនេះ ។
នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ប្រធានរដ្ឋសភា សម្តេចពញាចក្រី ហេង សំរិន បានជំរុញដល់អង្គភាពគ្រប់គ្រងគម្រោង ត្រូវធ្វើការសហការគ្នាឱ្យបានល្អ ក៏ដូចជា អនុវត្តការសាងសង់ត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេសដូចមានកំណត់ក្នុងកិច្ចសន្យា និងឱ្យ បានទាន់ពេលវេលា មានគុណភាព និងសោភ័ណភាព។
គួរឱ្យដឹងថា សំណង់អគាររដ្ឋបាលថ្មីរបស់រដ្ឋសភានេះ បានសាងសង់ ក្នុងទំហំទឹកប្រាក់ ២៥លានដុល្លារ ដែលជាជំនួយរបស់ប្រទេសវៀតណាម ដោយមានក្រុមហ៊ុនពីរជាអ្នកគ្រប់គ្រងគម្រោងគឺ ក្រុមហ៊ុនទីប្រឹក្សាអន្តរជាតិ អារឆេថាយ និងក្រុមហ៊ុនសាងសង់វៀតណាម ធី ស៊ី វី។ ក្នុងនោះ ការដ្ឋានសាងសង់បានចាប់ផ្ដើមកាលពីចុងឆ្នាំ២០២១ និងបានកំណត់ទុកថានឹងបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២៤ ខាងមុខនេះ។
យ៉ាងណាមិញ បន្ទាប់ពីការធ្វើបទបង្ហាញពីវឌ្ឍនភាពការងារ នៃការសាងសង់ សម្តេចប្រធានរដ្ឋសភា ក៏បានស្នើដល់ក្រុមការងារនិងក្រុមហ៊ុនទំាងអស់ ត្រូវបន្តអនុវត្តឱ្យបានត្រឹមត្រូវ ម៉ត់ចត់ ប្រកបដោយតម្លាភាព និងគណនេយ្យភាពផងដែរ៕