ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

រដ្ឋមន្ត្រីសេដ្ឋកិច្ចកោតសរសើររដ្ឋមន្ត្រីកសិកម្មថ្មីដែលបេ្តជ្ញាជំរុញវិស័យកសិកម្មកម្ពុជាក្លាយជាសសរទ្រូងដ៏រឹងមាំ

ភ្នំពេញ៖ ក្នុងពិធីផ្ទេរ និងប្រគល់តំណែងរដ្ឋមន្ត្រីក្រសួងកសិកម្ម នៅថ្ងៃទី១៧ ខែតុលា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បានកោតសរសើរដល់រដ្ឋមន្ត្រីក្រសួងកសិកម្មថ្មី លោក ឌិត ទីណា ដែលបេ្តជ្ញាចិត្តបន្តជំរុញ និងអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាឱ្យក្លាយជាសសរទ្រូងដ៏រឹងមាំ ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ និងផលប្រយោជន៍របស់ប្រជាកសិករ។

ខណៈកម្ពុជាកំពុងតែជួបគ្រោះទឹកជំនន់ដែលធ្វើឱ្យប៉ះពាល់ និងខូចខាតស្រូវយ៉ាងធ្ងន់ធ្ងររបស់ប្រជាកសិករ លោក អូន ព័ន្ធមុនីរ័ត្ន បានស្នើឱ្យរដ្ឋមន្ត្រីកសិកម្មថ្មី និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃក្រសួងកសិកម្ម ត្រូវចាត់ទុកការដោះស្រាយផលប៉ះពាល់ពីទឹកជំនន់ ជាការងារអាទិភាពទីមួយ និងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងការចុះត្រួតពិនិត្យ វាយតម្លៃផលប៉ះពាល់ និងការខូតខាត លើដំណាំកសិកម្ម សត្វពាហនៈ វារីវប្បកម្ម ចំនួនគ្រួសារកសិករដែលរងគ្រោះ ដោយត្រូវមានសហការជាមួយក្រសួង-ស្ថាប័ន រដ្ឋបាលរាជធានី-ខេត្ត។

បន្ថែមពីនេះត្រូវធ្វើយុទ្ធនាការស្តារឡើងវិញ នូវផ្ទៃដីដាំដុះដែលទទួលរងការខូចខាត។ ត្រូវនាំយកពូជស្រូវ ពូជដំណាំ ពូជត្រី និងកង្កែប ទៅចែកជូនដល់ប្រជាកសិករតាមខេត្តគោលដៅ ដែលរងផលប៉ះពាល់ដើម្បីឆ្លើយតបទៅនឹងទំហំនៃការខូចខាត។

ជាមួយគ្នានេះជំរុញអង្គភាពជំនាញឱ្យខិតខំយកចិត្តទុកដាក់បន្តចុះពិនិត្យតាមដានសុខភាពសត្វ ការចាក់វ៉ាក់សាំងការពារជំងឺឆ្លងសត្វផ្សេងៗ និងទប់ស្កាត់ចលនាសត្វដោយខុសច្បាប់នៅតាមបណ្តារាជធានីខេត្តជាប់ជាប្រចាំ។ ជាពិសេសទប់ស្កាត់បទល្មើសជលផល និងព្រៃឈើ។

ទន្ទឹមនឹងនេះត្រូវជំរុញការអនុវត្តនូវគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០ ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣។ ជាពិសេសពន្លឿនការរៀបចំផែកការមេអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០៣០។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏សកម្ម និងប្រកបដោយថាមពលរបស់លោក ឌិត ទីណា ដោយមានការគាំទ្រ និងកិច្ចប្រឹងប្រែងរួមរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ និយោជិតគ្រប់លំដាប់ថ្នាក់ ក្រសួងកសិកម្មនឹងបន្តសម្រេចបាននូវសមិទ្ធផលជាច្រើនបន្ថែមទៀតជូនជាតិមាតុភូមិ។

លោក ឌិត ឌីណា បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី១៧ ខែតុលាថា លោក និងមន្ត្រីក្រសួងកសិកម្ម នឹងបន្តខិតខំដោះស្រាយបញ្ហាគ្រោះទឹកជំនន់ដែលកើតឡើងនៅចំពោះមុខ ដែលជាកិច្ចការងារចម្បងដំបូងបន្ទាប់ពីលោកបានចូលកាន់តំណែងរដ្ឋមន្ត្រីក្រសួងកសិកម្មនេះ។

គិតត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ដំណាំស្រូវដែលរងផលប៉ះពាល់ដោយសារទឹកជំនន់មានជាង២០ម៉ឺនហិកតា ក្នុងនោះខូចខាតជាង៨ម៉ឺនហិកតា និងមានផ្ទៃដីដំណាំស្រូវដែលអាចសា្តរឡើងវិញមានជាង៤ម៉ឺនហិកតា។

ភារកិច្ចបន្ទាប់ លោកនឹងបន្តខិតខំដោះស្រាយបញ្ហាពាក់ព័ន្ធនឹងទីផ្សារកសិកម្មនៅកម្ពុជាឱ្យកាន់តែល្អប្រសើរ។ ជាពិសេសបន្តអនុវត្ត និងដាក់ចេញនូវផែនការផ្សេងៗដើម្បីអភិវឌ្ឍវិស័យកសិកម្មបន្ថែមទៀត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក