ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យដឹងថា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែតុលា កម្ពុជាបន្តទទួលឥទ្ធិពលនូវទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន។ ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៥ ខែតុលា ឥទ្ធិពលនៃទ្រនុងសម្ពាធខ្ពស់ ពីចិនចុះខ្សោយ ខណៈដែលជ្រលងសម្ពាធទាបពីសមុទ្រចិនខាងត្បូងបង្កើនឥទ្ធិពលមកលើភាគខាងត្បូងកម្ពុជា។
ឥទ្ធិពលទាំងនេះ នឹងធ្វើឱ្យតំបន់ទំនាបកណ្តាល ចាប់ពីថ្ងៃទី១៩-២១ ខែតុលា ស្ទើរតែគ្មានភ្លៀង បើមានគឺតិចតួចប៉ុណ្ណោះ។ បន្ទាប់ពីនោះបណ្តារាជធានី-ខេត្ត នៅភាគខាងក្រោម និងខាងជើងជាប់ប្រទេសវៀតណាម នឹងមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ចំពោះបណ្តាខេត្តដទៃទៀត អាចមានភ្លៀងតិចតួច។ តំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី ២២-២៤អង្សា និងមានសីតុណ្ហភាពអតិបរមាពី៣០-៣២អង្សា។
ចំពោះតំបន់ខ្ពង់រាប ចាប់ពីថ្ងៃទី១៩-២១ ខែតុលា ស្ទើរតែគ្មានភ្លៀង បើមានតិចតួចតែប៉ុណ្ណោះ។ បន្ទាប់ពីនោះនឹងអាចមានភ្លៀង ក្នុងកម្រិតពីតិចទៅមធ្យមលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ តំបន់នោះនឹងមានសីតុណ្ហភាពអប្បបរមាពី ២០-២២អង្សា និងមានសីតុណ្ហភាពអតិបរមា មានពី ២៩-៣១អង្សា។
ចំណែកនៅតំបន់មាត់សមុទ្រ អាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ តំបន់មាត់សមុទ្រនឹងមានសីតុណ្ហភាពអប្បបរមាពី ២២-២៤អង្សា និងមានសីតុណ្ហភាពអតិបរមា ពី២៩-៣១អង្សា៕