មេទ័ពជើងគោកឧបត្ថម្ភទូកនិងម៉ាស៊ីនដល់តំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែងសម្រាប់បម្រើដល់ប្រជាពលរដ្ឋកំពុងរងផលប៉ះពាល់ដោយជំនន់
ស្ទឹងត្រែង៖ ទូក និងម៉ាស៊ីនទូកចំនួន ២៣គ្រឿងជាអំណោយរបស់អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ត្រូវបានក្រុមការងារនាំយកទៅប្រគល់ជូន តំបន់ប្រតិបត្តិការសឹករងមណ្ឌលស្ទឹងត្រែង និងកងពលតូចថ្មើរជើងលេខ១២៨ យោធភូមិភាគទី១ កងទ័ពជើងគោក នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ សម្រាប់សកម្មភាពក្នុងបេសកកម្មផ្សេងៗ ជាពិសេសក្នុងសកម្មភាពមនុស្សធម៌បម្រើប្រជាជនដែលកំពុងរងផលប៉ះពាល់ដោយគ្រោះធម្មជាតិជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។
តាមរយៈក្រុមការងារជំនួយការ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខនឹករឮកពីសំណាក់ឧត្តមសេនីយ៍ឯក អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក ជានិច្ចកាលតែងតែយកចិត្តទុកដាក់ចំពោះ នាយទាហាន នាយទាហានរង ពលទាហាន ទាំងអស់ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី សង្គ្រោះប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលខ្លួនទទួលខុសត្រូវ។
ឧត្ដមសេនីយ៍ទោ ស្វាយ ញ៉ន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តស្ទឹងត្រែង និងឧត្តមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពល ១២៨ បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក ដែលជានិច្ចកាល លោកតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ដល់សុខទុក្ខការរស់នៅរបស់កងទ័ព និងប្រជាជន។
ជាក់ស្តែងមេបញ្ជាការបានផ្តល់ទូក និងម៉ាស៊ីនទូកចំនួន ២៣គ្រឿង បន្ថែមនាពេលនេះ ពិតជាជំនួយចាំបាច់មិនអាចខ្វះបាន សម្រាប់ដំណើរការសកម្មភាពមនុស្សធម៌ លឿន រហ័ស ឆ្លើយតបបានទាន់ពេលវេលា ទៅនឹងសេចក្តីត្រូវការជាចាំបាច់បំផុត៕