ពលរដ្ឋខណ្ឌដង្កោជិត១ពាន់នាក់ទទួលបានសេវាព្យាបាលសុខភាពទូទៅនិងមាត់ធ្មេញពីពេទ្យស្ម័គចិត្តសម្ដេចតេជោ
ភ្នំពេញ៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានចុះពិនិត្យព្យាបាលជំងឺទូទៅ និងជំងឺមាត់ធ្មេញ ដល់ប្រជាជនក្នុងសហគមន៍ក្រីក្រចំនួន ៨៨០នាក់ ក្នុងតំបន់ទួលសំបូរ ខណ្ឌដង្កោរ កាលពីម្សិលមិញនេះ។
កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) លោកស្រី ពេជ ចន្ទមុន្នី បានដឹកនាំក្រុមគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្តសមាគម TYDA ចុះពិនិត្យព្យាបាលសុខភាពទូទៅ និង មាត់ធ្មេញដល់ប្រជាពលរដ្ឋក្នុងសហគមន៍ក្រីក្រ រស់នៅក្នុងភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោរ រាជធានីភ្នំពេញ។
គួរឱ្យដឹងថា ប្រជាពលរដ្ឋប្រមាណ ៨៨០នាក់ បានមកទទួលសេវាព្យាបាល នៅក្នុងបរិវេណសាលាបឋមសិក្សាទួលសំបូរ ក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោរ ដោយមានការចូលរួមសហការជាមួយ អាជ្ញាធរដែនដី និស្សិតសមាគមអាហារូបករណ៍ (អ.ម.ត) និងផ្នែកពាក់ព័ន្ធមួយចំនួនទៀត។
ក្នុងឱកាសនោះ លោកស្រី ពេជ ចន្ទមុន្នី ឱ្យដឹងថា រដ្ឋាភិបាលតែងយកចិត្តទុកដាក់គិតគូរពីសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ តាមរយៈការបង្កើតសេវាព្យាបាលដោយឥតគិតថ្លៃនេះ។ ក្នុងនោះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានចុះពិនិត្យព្យាបាលដល់ប្រជាពលរដ្ឋ នៅតាមបណ្ដារាជធានីខេត្ត សហគមន៍ អង្គការ មជ្ឈមណ្ឌលកុមារកំព្រា និងសាលារៀនជាដើម។
លោកស្រី បានបញ្ជាក់ថា ការចុះពិនិត្យព្យាបាលដល់ប្រជាជនក្នុងសហគមន៍ក្រីក្រនៅជាយភ្នំពេញនេះ គឺជាសកម្មភាពថ្មី ដោយថាពីមុនមក TYDA គ្រាន់តែចុះអប់រំសុខភាពតាមខ្នងផ្ទះដល់សហគមន៍ប៉ុណ្ណោះ ដែលនេះជាលើកទី២ ដែល TYDA បានចុះព្យាបាលដល់សហគមន៍ក្រីក្រដើម្បីបង្ខិតការផ្តល់សេវាសុខភាព ដល់ប្រជាជនរស់នៅក្នុងតំបន់
គួរបញ្ជាក់ថា សមាគម TYDA ក៏ធ្លាប់បានចុះទៅអប់រំសុខភាព និងចែកអំណោយដល់សហគមន៍ដែលទទួលរងគ្រោះដោយទឹកជំនន់ព្រែកត្នោត ក៏ដូចជាការអប់រំសុខភាពមាត់ធ្មេញដល់សិស្សានុសិស្សនៅក្នុងសាលាបឋមសិក្សាទួលសំបូរផងដែរ៕