ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រាប់ឱ្យលោកអភិបាលខេត្តបាត់ដំបង កាត់ដីតំបន់សមាហរណកម្មអតីតសមរភូមិដែលស្ថិតនៅជាប់ព្រំប្រទល់ខេត្តប៉ៃលិន ប្រគល់ឱ្យអភិបាលខេត្តប៉ៃលិនគ្រប់គ្រងវិញ។
ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រងជាង ៦ពាន់នាក់នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រាប់អភិបាលខេត្តបាត់ដំបង លោក សុខ លូ និងអភិបាលខេត្តប៉ៃលិន លោកស្រី បាន ស្រីមុំ ថាប្រសិន ២សប្តាហ៍ទៀត ដោះស្រាយបញ្ហានេះមិនបានទេ សម្តេចនឹងចុះទៅដោះស្រាយរឿងនេះតែម្តង។
សម្តេចតេជោបានថ្លែងថា៖ «ពីព្រោះមិនមែនកាត់ដីឱ្យបរទេសឯណា ភូមិហ្នឹងគឺជាភូមិបងប្អូនធ្វើសមាហរណកម្ម ដល់ចេញមក អ្នកមួយចំនួនបោះនៅប៉ៃលិន ហើយមួយចំនួននៅបាត់ដំបង បាត់ដំបងដីវាធំណាស់ កាត់ឱ្យប៉ៃលិនប៉ុន្មានពាន់ហិកតាទៅដើម្បីឱ្យប្រជាជនចុះឈ្មោះបោះឆ្នោត ដែលអាចផ្ទេរ ឬបោះឆ្នោតនៅកន្លែងដដែលគឺមណ្ឌលខាងបាត់ដំបង ឬក៏ផ្ទេរឈ្មោះទៅខាងប៉ៃលិន»។
បើតាមនាយករដ្ឋមន្ត្រី ត្រង់បញ្ហានេះ គឺមានចៅហ្វាយខេត្តមួយចំនួនដែលមិនអាចដោះស្រាយលើបញ្ហានេះចេញអស់រយៈពេលជិត៣០ឆ្នាំហើយ ខណៈសម្តេចបានដឹងពីមូលហេតុ គឺអាចមកពីមានអ្នកមានអំណាចមួយចំនួនមានដីនៅតំបន់នោះសម្រាប់ដាំស្វាយ ដែលរារាំងឱ្យអភិបាលខេត្តបាត់ដំបងកុំកាត់ដីនៅត្រង់ចំណុចនោះ។
សម្តេចបានអះអាងប្រាប់ដល់ម្ចាស់ដីនៅតំបន់នោះដូច្នេះថា៖ «អាដីស្វាយលោកឯង អត់បាត់ទៅណាទេ ដីនៅបាត់ដំបង គង់តែដីខ្មែរ ដីនៅប៉ៃលិនគង់តែដីខ្មែរ លោកឯងស៊ីផលទៀតទៅ កុំចាំបាច់មករារាំងគេអ៊ីចឹង»៕
PHOTO: EAC NEWS